ព័ត៌មានជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ចុះផ្សាយអត្ថបទ នៅប្រព័ន្ធសារព័ត៌មាន នៃប្រទេសវៀតណាម

ថ្ងៃទី១២ ខែធ្នូ ខណៈពេលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានរដ្ឋចិនបានចុះផ្សាយអត្ថបទនៅកាសែតប្រជាជនរបស់ប្រទេសវៀតណាម ដែលមានចំណងជើងថា «បង្កើតសហគមន៍រួមវាសនារវាងចិននិងវៀតណាមប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ បើកទំព័រថ្មីនៃការពួតដៃគ្នាឆ្ពោះទៅកាន់ទំនើបកម្ម » ។

អត្ថបទបានចែងថា ឆ្នាំនេះជាខួបទី១៥ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូសហប្រតិបតិ្តការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងវៀតណាម ។ មិនថានិម្មាបនកម្មអន្តរជាតិមានបម្រែបម្រួលយ៉ាងណាក្តី ក៏បក្សនិងរដ្ឋទាំងពីរចិននិងវៀតណាម នឹងរួមគ្នាគាំពារសុខសន្តិភាព រួមគ្នាស្វែងរកការអភិវឌ្ឍនិងកិច្ចសហប្រតិបតិ្តការ រួមគ្នាបង្កើតវិបុលភាពនិងភាពរុងរឿង ដើរតាមមាគ៌ាដ៏ភ្លឺស្វាង ដើម្បីរួមគ្នាបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។

អត្ថបទបានលើកឡើងថា អាស៊ីជាផ្ទះរួមរបស់យើង នៅតំបន់ជុំវិញគឺអ្នកជិតខាងដែលនៅស្ថិតស្ថេរជាមួយគ្នា ។ ជានិច្ចកាល បក្សនិងរដ្ឋាភិបាលចិនតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងរៀតណាម ជាទិសដៅអាទិភាពក្នុងកិច្ចការទូតជាមួយប្រទេសជិតខាង ចិនរំពឹងទុកយ៉ាងស្មោះត្រង់ថា ប្រទេសយើងទាំងពីរមិនបំភ្លេចគោលបំណងដើមនៃចំណងមិត្តភាពជាប្រពៃណី ចងចាំឧត្តមគតិនិងកាតព្វកិច្ចរួម ចាប់ដៃគ្នាដើរតាមផ្លូវសង្គមនិយម និងជំរុញឥតឈប់ឈរនូវការបង្កើតសហគមន៍រួមវាសនាប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ។

ខ្ញុំជឿជាក់ថា ប្រទេសទាំងពីរចិននិងរៀតណាមនឹងបង្កើតសហគមន៍រួមវាសនាប្រកបដោយអត្ថន័យជាយុទ្ធសាស្ត្រ ការនេះនឹងទាក់ទាញប្រទេសកាន់តែច្រើនឱ្យចូលរួមបុព្វហេតុដ៏មហិមា នៃការបង្កើតសហគមន៍រួមវាសនារបស់អាស៊ី និងមនុស្សជាតិ ក្នុងន័យផ្តល់កម្លាំងចលករកាន់តែច្រើនដល់ការអភិវឌ្ឍដោយឆាប់រហ័ស និងសុខដុមនីយកម្មរបស់អាស៊ី ដើម្បីរួមចំណែកកាន់តែធំសម្រាប់សន្តិភាពនិងវឌ្ឍនភាពរបស់ពិភពលោក ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា

To Top