ព័ត៌មានជាតិ

វៀតណាម និងកម្ពុជា មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់ ២០ពាន់លានដុល្លារ

បរទេស៖ នាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីកម្ពុជាបានស្នើឱ្យប្រទេសទាំងពីរ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងដល់ ២០ពាន់លានដុល្លារក្នុងឆ្នាំបន្ទាប់។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីលោក ផាម មិញជិញ កាលពីថ្ងៃចន្ទ បានសង្កត់ធ្ងន់លើគោលនយោបាយ របស់វៀតណាមក្នុងការផ្តល់អាទិភាពខ្ពស់ ចំពោះទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី រួមជាមួយនឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ និរន្តរភាព និងយូរអង្វែង” ខណៈដែលលោកបានស្វាគមន៍សមភាគីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នាពេលចុងក្រោយនេះ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការ​បរទេស​វៀតណាម។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចក្នុងគោលបំណងរក្សា នូវប្រពៃណីដ៏ល្អរបស់ប្រទេសទាំងពីរ និងដើម្បីលើកកម្ពស់ភាពជាដៃគូទ្វេភាគី ឱ្យកាន់តែកើនឡើងថែមទៀត។

នៅក្នុងលក្ខខណ្ឌនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មេដឹកនាំទាំងពីរបានយល់ព្រមគាំទ្រ គ្នាទៅវិញទៅមកក្នុងការ កសាងសេដ្ឋកិច្ចឯករាជ្យ និងពឹងផ្អែកលើខ្លួនឯង ដែលត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅជាមួយពិភពលោក។

វៀតណាម និងកម្ពុជាគួរតែពង្រឹងទំនាក់ទំនង រវាងសេដ្ឋកិច្ចទាំងពីរ តាមរយៈការជំរុញពាណិជ្ជកម្មទ្វេភាគី ជាពិសេសពាណិជ្ជកម្មតាមព្រំដែន និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ សេដ្ឋកិច្ចនៅតាមតំបន់ព្រំដែន។

មេដឹកនាំទាំងពីរបានស្នើឱ្យវៀតណាម និងកម្ពុជាខិតខំសម្រេចបាននូវ សមិទ្ធិផលពាណិជ្ជកម្មទ្វេភាគីថ្មី ឱ្យដល់ ២០ពាន់លានដុល្លារ ហើយបានយល់ព្រមក្នុងការលើកទឹកចិត្ត និងសម្របសម្រួលការវិនិយោគ និងកិច្ចសហប្រតិបត្តិការអាជីវកម្ម។

ទាក់ទងនឹងវិស័យការពារជាតិ និងសន្តិសុខ, មេដឹកនាំទាំងពីរបាននិយាយថា ពួកគេប្រកាន់ខ្ជាប់នូវ គោលការណ៍មិនអនុញ្ញាតឱ្យកងកម្លាំង អរិភាពណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយប្រឆាំង នឹងប្រទេសមួយទៀតឡើយ ។

វៀតណាម និងកម្ពុជាបានឯកភាពគ្នា ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការគ្រប់គ្រងព្រំដែន, បង្ការ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសហការរួមគ្នាដើម្បីដោះស្រាយ បញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ៕

ប្រែសម្រួល៖ ណៃ តុលា

To Top