ព័ត៌មានជាតិ

កម្ពុជា-វៀតណាម ពង្រឹងប្រតិបត្តិការ លើការសម្រួលពាណិជ្ជកម្ម ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម

ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានពង្រឹងកិច្ចសហប្រតិបត្តិការ លើកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្ម ក្នុងការឈានទៅការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើនថែមទៀត។

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ឆ្លៀតក្នុងឱកាសអមដំណើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញបំពេញទស្សកិច្ចផ្លូវការ នៅវៀតណាម លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា បានអញ្ជើញពិសារអាហារពេលព្រឹក និងពិភាក្សាការងារជាមួយ លោក Nguyen Hong Dien រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីពិភាក្សាការងារ រឹតចំណងសាមគ្គីភាព និងភាពជាដៃគូលើកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម រវាងកម្ពុជា និងវៀតណាម។

នាឱកាសនោះ ភាគីទាំងពីរ បានពិភាក្សាផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក សំដៅធ្វើយ៉ាងណាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការលើកិច្ចសម្រួលពាណិជ្ជកម្មដើម្បីកាត់បន្ថយរបាំងពាណិជ្ជកម្មក្នុងការឈានទៅការជំរុញកំណើនពាណិជ្ជកម្មកម្ពុជា-វៀតណាមឲ្យកាន់តែរីកចម្រើនថែមទៀត ពិសេសកិច្ចសហប្រតិបត្តិការបច្ចេកទេសលើផលិតកម្មក្នុងវិស័យឧស្សាហកម្មកែច្នៃជាដើម។

លើសពីនេះ ភាគីទាំងពីរ បានផ្តល់អនុសាសន៍ឲ្យក្រុមការងារបច្ចេកទេសរបស់ក្រសួងទាំងបី ពិនិត្យលទ្ធភាពសិក្សាលើទម្រង់លិខិតបទដ្ឋានគតិយុត្តិ ដើម្បីអាចមានលទ្ធភាពក្នុងការពង្រឹងបន្ថែមលើកិច្ចសហប្រតិបត្តិការលើវិស័យនានាដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួងទាំងបី។

ភាគីទាំងពីរ ក៏បានបញ្ជាក់សារជាថ្មី នូវការប្តេជ្ញាចិត្តក្នុងការពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងឧស្សាហកម្ម ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមករបស់ប្រជាជន និងប្រជាជាតិទាំងពីរ៕

To Top