ព័ត៌មានជាតិ

ប៉ូលីសចរាចរណ៍ ៤នាក់ ដែល២នាក់ជាប់កិច្ចសន្យា ត្រូវបានហៅមកសួរបំភ្លឺ ក្រោយបំពេញការងារមិនត្រឹមត្រូវ

ភ្នំពេញ៖ មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាចំនួន៤នាក់ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក្រោយបំពេញភារកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវ។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១១ ធ្នូ បានឲ្យដឹងថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុស នៅលើបណ្តាញសង្គមចោទប្រកាន់ ទៅលើមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) បានបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំ របស់ថ្នាក់លើបង្ករងការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ ប្រជាពលរដ្ឋឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវជាបន្ទាន់។

ក្នុងចំណោមមន្រ្តីនគរបាលចរាចរណ៍ទាំង៤រូប មាន២នាក់ គឺជានាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក និងម្នាក់ទៀតជាប្រធានគោលដៅ ទទួលខុសត្រូវគោលដៅ ព្រមទាំងមន្រ្តីជាប់កិច្ចសន្យា ចំនួន២នាក់ នៅរសៀលថ្ងៃទី១១ ធ្នូ ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ បន្ទាប់មករងចាំពិនិត្យ និងសុំគោលការណ៍សម្រេចពីលោកស្នងការ ដើម្បីមានចំណាត់ការបន្ត ៕

To Top