ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នៅរដ្ឋធានីហាណូយ នាថ្ងៃទី១២ ធ្នូនេះថា រាជរដ្ឋាភិបាល មិនផ្តោតតែទៅលើការទាក់ទាញ ការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវ ការយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះរាល់គម្រោងវិនិយោគ ដែលមានស្រាប់នៅកម្ពុជា ។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យ លោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) និងសហការី ចូលជួបសម្តែងការគួរសម ។
ក្នុងជំនួបនោះ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រ ចំពោះទិសដៅរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងបន្តផ្តល់នូវកិច្ចគាំពារនានា ដែលចាំបាច់ ពីព្រោះរាជរដ្ឋាភិបាល មិនផ្តោតតែទៅលើការទាក់ទាញ ការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់ នូវការយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះរាល់គម្រោងវិនិយោគ ដែលមានស្រាប់នៅកម្ពុជាផងដែរ ។
មួយវិញទៀត សម្តេចធិបតី ក៏បានគូសបញ្ជាក់ អំពីគោលនយោបាយអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយន្តការ នៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដែលធានាបរិមាណ និងគុណភាព បម្រើឱ្យការនាំចេញ ទាំងក្នុងរូបភាពជាវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ ។
ជាមួយគ្នានេះនេះ លោក ជិន កុងខា បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន ក្នុងរយៈកាលកន្លងមកនេះ រហូតក្រុមហ៊ុនមានការរីកចម្រើន និងមានលទ្ធភាពចូលរួមចំណែក នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា៕