ព័ត៌មានជាតិ

មន្រ្តីជាន់ខ្ពស់ ក្រសួងការងារ ចុះសួរសុខទុក្ខកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៤នាក់ នៅខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ​២០២៣ នេះបានចុះសួរសុខទុក្ខ ទៅដល់បងប្អូនកម្មករ កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ស្ថិតក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភនេះតាមការចង្អុលបង្ហាញពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីទទួលដំណឹងអំពី​មន្ត្រីនៃមន្ទីការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត​កំពង់ស្ពឺ និងមន្ត្រី​បេឡជាតិសន្តិសុខសង្គមសាខាខេត្តកំពង់ស្ពឺ ថាមានបងប្អូនកម្មករ កម្មការិនីចំនួន៤៤នាក់ បានជួបថ្នាក់ចរាចរណ៍ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ០៥:២៥នាទីព្រឹក រវាងរថយន្តដឹកប្រេងប៉ះជាមួយម៉ូតូ(កម្មករសំណង់) និងបាន​រ៉េចង្កូតជ្រុលទៅបុករថយន្តដឹកកម្មករ ដែលស្ថិតក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។

បើតាមមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានបញ្ជាក់ថា នៅក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍នេះមានបងប្អូនកម្មករ កម្មការិនី​ របួសធ្ងន់ស្រាលសរុបចំនួន ៤៤ នាក់ ក្នុងនោះរបួសស្រាលចំនួន៤១នាក់ និងរបួសធ្ងន់ចំនួន ៣នាក់ ដោយឡែកបងប្អូនកម្មករ កម្មការិនីក៏ទទួលបានការសម្រាកព្យាបាលដោយឥតគិតថ្លៃនៅមូលដ្ឋានសុខាភិបាលដែលបានចុះកិច្ចព្រមព្រៀងជាមួយ​ ប.ស.ស.នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ រហូតជាសេះស្បើយផងដែរ ។

អំឡុងពេលចុះសួរសុខទុក្ខបងប្អូនកម្មករ កម្មការិនីចំនួន៤៤នាក់ លោក​ គុយ រតនា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ការចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភ នេះជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ដែលមាន​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ហើយ ជាពិសេសនោះការព្យាបាលរបស់បងប្អូន​ទាំងអស់នៅ​ពេលនេះ​គឺមិនឥតថ្លៃរហូតដល់ជាសះស្បើយ ផងដែរ ។

លោកបានបន្ថែមថា ថ្នាក់ដឹកនាំទាំងអស់តែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខ​បងប្អូន​កម្មករគ្រប់​ទិសទី​ជាពិសេសនៅពេលមានគ្រោះថ្នាក់ដោយយថាហេតុបែបនេះ ។ ក្រសួងការងារដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាតែងចុះមកសួរសុខទុក្ខផ្ទាល់​ និងជួយសម្រាលទុក្ខលំបាករបស់បងប្អុនកម្មករ​ កម្មការី​ ដោយមិនទុកអ្នកណា​ម្នាក់ចោល​ដោយមិនមានលទ្ធភាពព្យាបាលជំងឺ​ និងគ្រោះថ្នាក់ផ្សេងៗដែលធ្លាក់លើកម្មករនោះឡើយ៕

To Top