ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស​ សុខា​ ច្រានចោលការចោទប្រកាន់ថា​មានពលរដ្ឋកម្ពុជា ជាង​១០ម៉ឺននាក់រងគ្រោះដោយអំពើឆបោក និងបង្ខិតបង្ខំ​ធ្វើការដោយខុសច្បាប់

ភ្នំពេញ​ ៖​លោកឧបនាយករដ្ឋមន្ត្រី ស​ សុខា​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ បានច្រានចោលចំពោះការចោទប្រកាន់​ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង​ ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំ​ ធ្វើការដោយខុសច្បាប់។

​ក្នុងពិធីប្រារព្ធខួបលើកទី១៧​ នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស»​ នារសៀលថ្ងៃទី១២ ខែធ្នូ​ ឆ្នាំ២០២៣​ ឧបនាយករដ្ឋមន្ត្រី ស​ សុខា​​ បានប្រកាសអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងចាត់ទុកការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គឺជាអាទិភាពមួយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដើម្បីលើកកម្ពស់សន្តិសុខសុវត្ថិភាពមនុស្សជាតិនិងលើកកម្ពស់សក្តានុពលនៃធនធានមនុស្សសម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។​

ឧបនាយករដ្ឋមន្ត្រី​ បន្ដថា​ ក្នុងរយៈពេល១ឆ្នាំមកនេះ កម្លាំងសមត្ថកិច្ចបានធ្វើការអន្តរាគមន៍ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់១,២១៣ករណី គឺប្រមាណ៩៧.៧០%។

ជាមួយគ្នានោះដែរ​ ឧបនាយករដ្ឋមន្ត្រី​ គូសបញ្ជាក់​ថា​ “ច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំធ្វើការដោយខុសច្បាប់ និងរងគ្រោះដោយអំពើឆបោកតាមប្រព័ន្ធអនឡាញ ដូច​ការចោទប្រកាន់តាមបណ្ដាសារព័ត៌មានមួយចំនួននោះទេ”។

លោកឧបនាយករដ្ឋមន្ត្រី ស​ សុខា បានអំពាវនាវដល់អភិបាលរាជធានី-ខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិទាំងអស់ និងមន្ទីរ អង្គភាព ក្រោមឱវាទគ្រប់ថ្នាក់ ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រហូតដល់កងកម្លាំងឈរជើងតាមបណ្តោយខ្សែបន្ទាត់ព្រំដែន សូមពង្រឹងស្មារតីទទួលខុសត្រូវក្នុងតួនាទី និងភារកិច្ចដែលរាជរដ្ឋាភិបាល ប្រគល់ជូនឲ្យបានម៉ត់ចត់បំផុត។

លោកឧបនាយករដ្ឋមន្ត្រី បន្ថែមថា​ លើសពីនេះត្រូវពង្រឹងការផ្សព្វផ្សាយអប់រំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន កុំជឿតាមការអូសទាញរបស់មេខ្យល់ ដែលនាំឱ្យធ្លាក់ខ្លួនក្នុងភាពរងគ្រោះដោយអំពើជួញដូរមនុស្ស, លើកកម្ពស់ការផ្តល់សេវាសាធារណៈ, ពង្រឹងនូវការអនុវត្តច្បាប់, បង្កើនការផ្តល់កិច្ចគាំពារ និងការផ្តល់សេវាសមស្របជូនជនរងគ្រោះ, កែលម្អការផ្តល់ឯកសារតាមផ្លូវច្បាប់ ជូនពលករដែលមានបំណងធ្វើទេសន្តរប្រវេសន៍ការងារនៅក្រៅប្រទេស ឱ្យបានត្រឹមត្រូវតាមគោលការណ៍កំណត់ កាត់បន្ថយ និងឈានទៅលុបបំបាត់ការយកកម្រៃសេវាក្រៅផ្លូវការ ដែល​នាំឱ្យមានភាពមិនប្រក្រតី និងបង្កើតអំពើពុករលួយក្នុងប្រព័ន្ធការងារ និងប៉ះពាល់ផលប្រយោជន៍ របស់ពលករ៕

To Top