ព័ត៌មានជាតិ

សម្តេចធិបតី៖ សមាគមមិត្តភាពវៀតណាម-កម្ពុជា ដើរតួនាទីសំខាន់ពូនជ្រំស្មារតីមិត្តភាព និងភាពជិតស្និទ្ធរវាងប្រជាជនទាំងពីរ

រូបភាពពី៖​ STPM

ភ្នំពេញ៖ សម្តេចធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា លទ្ធផលការងារ របស់សមាគមមិត្តភាព វៀតណាម-កម្ពុជា ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពូនជ្រំស្មារតីមិត្តភាព និងបង្កើតភាពជិតស្និទ្ធ រវាងប្រជាជននៃប្រទេសទាំងពីរ ។

ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អនុញ្ញាតឱ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ ។

ក្នុងនោះសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះរបាយការណ៍​ ពាក់ព័ន្ធនឹងលទ្ធផលការងារ របស់សមាគមមិត្តភាពវៀតណាម-កម្ពុជា ដែលពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពូនជ្រំស្មារតីមិត្តភាព និងបង្កើតភាពជិតស្និទ្ធ រវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងនាមការទូតប្រជាជន តាមរយៈសកម្មភាពជាច្រើន រួមមាន៖ ការផ្លាស់ប្តូរទស្សនកិច្ច និងវប្បធម៌, ការជំរុញទំនាក់ទំនងរវាងយុវជន ស្ត្រី និងធុរជន, ការធ្វើសកម្មភាពមនុស្សធម៌ និងការជួយឧបត្ថម្ភគ្នា ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម ។

ក្នុងឱកាសនោះផងដែរ លោកស្រី ង្វៀន ធី ថាញ់ (Nguyen Thi Thanh) ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា (VCFA) បានជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពរីកចម្រើន​ នៃសកម្មភាពការងារ របស់សមាគម ជាពិសេស ការគាំទ្រ ដល់និស្សិតកម្ពុជា ដែលបានមកបន្តការសិក្សា ក្នុងប្រទេសវៀតណាម ។
លោកស្រីប្រធាន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា តាមរយៈដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី នាឱកាសនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-វៀតណាម នឹងកាន់តែមានការរីកចម្រើនរឹងមាំបន្ថែមទៀត៕

To Top