ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា កោតសរសើរគុណភាពវ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានកោតសរសើរចំពោះគុណភាពរបស់វ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer។

ជាមួយនឹងការកោតសរសើរហើយ រដ្ឋមន្រ្តីក៏ស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ជំនួយ ឬការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំងដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌។

ការលើកឡើងរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ានេះ
ក្នុងជំនួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Pfizer ដឹកនាំដោយលោកបណ្ឌិត Nirutti Pradubyati នាយកក្រុមហ៊ុន Pfizer ផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិននាថ្ងៃ១៣ ធ្នូ។

ជាមួយគ្នានេះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ក្រុមហ៊ុន Pfizer ដែលកន្លងមក បានរួមចំណែកគាំទ្រ ដល់ប្រព័ន្ធថែទាំសុខភាពនៅកម្ពុជានៅកម្ពុជា ដូចជាការមកដល់នៃវ៉ាក់សាំងកូវីដ-១៩ (វ៉ាក់សាំង Pfizer) តាមរយៈ COVAX Facility ក្នុងដំណាក់កាលនៃការរីករាលដាលជាសាកលនៃជំងឺឆ្លងកូវីដ១៩។

សាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តក្រុមហ៊ុន Pfizer ពិភាក្សាកិច្ចសហការជាមួយក្រុមការងារបច្ចេកទេស ជាពិសេសត្រូវតែគិតគូ និងចាប់ផ្តើមគម្រោងសាកល្បង (Pilot Project) ជាមួយមន្ទីរណាមួយជាមុនសិន មុននឹងបន្តគម្រោងនៅទូទាំងប្រទេស។

សាស្ត្រាចារ្យរដ្ឋមន្ត្រីក៏បានជម្រាបពី អាទិភាពសំខាន់ៗវិស័យសុខាភិបាល ទាំង៣រួមមាន៖ ១)ការព្រងឹងគុណភាណសេវានៅមណ្ឌលសុខភាពទាំងអស់ តាមរយៈការពង្រឹងហេដ្ឋាសម្ព័ន្ធសុខាភិបាល ការផ្គត់ផ្គង់ឱសថ និងបំពាក់សម្ភារៈបរិក្ខារចាំបាច់ ធ្វើឲ្យលទ្ធភាពក្នុងការផ្តល់សេវាពេញ២៤ម៉ោង ២)ការព្រងឹងគុណភាណសេវានៅមន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យខេត្ត តាមរយៈការពង្រឹង សេវាសង្រ្គោះបន្ទាន់ ICU, Emergency, Surgery និងមន្ទីរពិសោធន៍ជាដើម និង៣) ការពង្រឹងធនធានមនុស្ស តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំ​ និងនវានុវត្តន៍​ ដល់ថ្នាក់ដឹកនាំ​ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់។

សម្រាប់លោក Nirutti Pradubyati នាយកផ្នែកកិច្ចការវេជ្ជសាស្ត្រប្រចាំប្រទេសថៃ និងតំបន់ឥណ្ឌូចិន បានថ្លែងអំណរគុណ  ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យប្រតិភូក្រុមហ៊ុន Pfizer បានជួបសំដែងការគួរសម និងពិភាក្សាការងារ។

លោក Nirutti Pradubyati ក៏បានជម្រាបជូនអំពីគម្រោង Accord for a Healthier World ដែលជាគម្រោងផ្តោតលើការកាត់បន្ថយគម្លាតសមធម៌សុខភាព តាមរយៈការលក់ជូននូវឱសថ និងវ៉ាក់សាំងរបស់ ក្រុមហ៊ុន Pfizer នូវតំលៃទាប និងមិនគិតពីប្រាក់ចំណេញ៕

To Top