ព័ត៌មានជាតិ

រាជរដ្ឋាភិបាល មិនបានផ្តល់ គោលការណ៍អនុញ្ញាត ឱ្យវៀតណាម បើកក្រុមហ៊ុនតាក់ស៊ី នៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត មិនបានផ្តល់ គោលការណ៍អនុញ្ញាត ឱ្យក្រុមហ៊ុន Vingroup របស់វៀតណាម បើកអាជីវកម្មតាក់ស៊ី នៅក្នុងប្រទេសកម្ពុជា នោះឡើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា ក្រុមហ៊ុន Vingroup របស់វៀតណាម គ្រោងបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនីចំនួន ២ ៥០០ គ្រឿងនៅ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ព័ត៌មាននេះបានធ្វើឱ្យមានការចាប់អារម្មណ៍ ពីសំណាក់អ្នក លេងបណ្តាញសង្គមមួយចំនួន និងបាននាំគ្នាចែកចាយបន្តដែលធ្វើឱ្យសាធារណជន មួយចំនួនយល់ច្រឡំថា ក្រុមហ៊ុននេះនឹងមកបើកអាជីវកម្ម នៅកម្ពុជាក្នុងឆ្នាំ ២០២៤។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា «នៅក្នុងជំនួបពិភាក្សាជាមួយ សម្តេចធិបតី កាលពីរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅរដ្ឋធានីហាណូយ ប្រធានក្រុមហ៊ុន Vingroup ពិតជាបានលើកសំណើ និងបានបង្ហាញបំណងចង់ មកវិនិយោគបើកក្រុមហ៊ុនតាក់ស៊ី ដោយប្រើរថយន្តអគ្គិសនី នៅកម្ពុជាពិតមែន។ ប៉ុន្តែ សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនបានផ្តល់ គោលការណ៍អនុញ្ញាត តាមសំណើរបស់ក្រុមហ៊ុននោះទេ»៕

To Top