ព័ត៌មានជាតិ

រដ្ឋមន្ដ្រីពាណិជ្ជកម្ម ៖ ការជំរុញផលិតកម្មចំណីសត្វ នឹងជួយជំរុញផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក

ភ្នំពេញ ៖ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការជំរុញផលិតកម្ម ចំណីសត្វ នឹងជួយជំរុញផលិតភាព និងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក ថែមទាំងអាចទទួលបាន ប្រាក់ចំណេញមួយកម្រិត បន្ថែមទៀត។

លោក រដ្ឋមន្ដ្រី លើកឡើងបែបនេះ ក្នុងពិធីចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ស្តីពី កិច្ចសហប្រតិបត្តិការជំរុញការប្រមូលទិញផលិតផលកសិផលសម្រាប់ផលិតចំណីសត្វ និងកិច្ចសហប្រតិបត្តិការដើម្បីលើកកម្ពស់សុវត្ថិភាពម្ហូបអាហារ ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសាច់សត្វ និងផលិតផលផ្សំពីសាច់រវាងក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា (C.P. Cambodia) នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់នេះ លោកស្រី រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ការចូលរួមប្រមូលទិញពោតក្រហម ដំឡូងមី កន្ទក់ និងកញ្ជុងអង្ករ ដែលសុទ្ធសឹងជាធាតុចូលកសិកម្មសក្តានុពលនៅក្នុងប្រទេសកម្ពុជារបស់ ក្រុមហ៊ុនស៊ី.ភី គឺជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការកាត់បន្ថយសម្ពាធនៃការផ្គត់ផ្គង់កសិផលនៅលើទីផ្សារ ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការពង្រឹងភាពប្រកួតប្រជែង និងការលើកកម្ពស់ផលិតភាពដែលអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៣ នេះ នឹងអនុញ្ញាតឱ្យមានការប្រមូលទិញពោតក្រហម ប្រមាណ ២៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ដំឡូងមីប្រមាណ ១៥ ម៉ឺនតោន ក្នុងមួយឆ្នាំ ស្រូវប្រមាណ ២ ម៉ឺនតោន ក្នុងមួយឆ្នាំ កន្ទក់ ប្រមាណ ៥ម៉ឺនតោន ក្នុងមួយឆ្នាំ និងកញ្ចុងអង្ករប្រមាណ ១ម៉ឺនតោន ក្នុងមួយឆ្នាំផងដែរ។

លោកស្រី រដ្ឋមន្ត្រី បានបន្ថែមថា «ការជំរុញផលិតកម្មចំណីសត្វ នឹងជួយជំរុញផលិតភាពនិងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក មិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករថែមទាំងអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀតលើការចំណាយលើធាតុចូលកសិកម្ម។ ការវិនិយោគ ទាំងនេះបានបង្កើតការងារ និងពង្រឹងឱ្យបានរឹងមាំនូវខ្សែច្រវាក់តម្លៃនៅគ្រប់ដំណាក់កាល ប្រកបដោយចីរភាព បរិយាបន្ន និងមានគុណតម្លៃខ្ពស់ គិតចាប់តាំងពីការប្រមូលទិញធាតុចូលក្នុងតម្លៃប្រកួតប្រជែង ការពង្រីកតម្រូវការទីផ្សារវត្ថុធាតុដើមនៃផលិតផលកសិកម្ម ការបង្កើតនិងការកែច្នៃផលិតផលថ្មីជាដើម»។

លោកស្រី រដ្ឋមន្ដ្រី បន្ថែមថា លើសពីការជំរុញផលិតកម្មចំណីសត្វ ដែលផលិតក្នុងស្រុក នឹងជំរុញផលិតភាពនិងកាត់បន្ថយថ្លៃដើមផលិតកម្មក្នុងស្រុក ដែលមិនត្រឹមតែបង្កើនសមត្ថភាពផ្គត់ផ្គង់របស់ផលិតករក្នុងស្រុកក្នុងតម្លៃប្រកួតប្រជែងប៉ុណ្ណោះទេ ផលិតករអាចទទួលបានប្រាក់ចំណេញមួយកម្រិតបន្ថែមទៀតនៅពេលដែលតម្លៃធាតុចូលកសិកម្ម ជាពិសេសចំណាយលើចំណីសត្វមានតម្លៃសមរម្យ ដែលនេះជាកត្តាមួយអាចជួយសម្រាលដល់ការកើនឡើងថ្លៃចំណីសត្វ៕

To Top