ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញបិទសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្ដីពីអត្រានុកូលដ្ឋាន

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញបិទសិក្ខាសាលា ផ្សព្វផ្សាយច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលរៀបចំដោយអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ និងដោយមានកិច្ចសហការពីអង្គការ Vital Strategies ព្រមទាំងអង្គការ Global Health Advocacy Incubator (GHAI) ក្រោមជំនួយឧបត្ថម្ភ របស់មូលនិធិ Bloomberg Philanthropies នៅសណ្ឋាគារ ហ្គាឌិនស៊ីធី។

សិក្ខាសាលានេះ បានទទួលការអញ្ជើញជាអធិបតី ក្នុងពិធីបើកដោយ លោក ប៉ាវ ហម ផាន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ននានា ទាំងនៅថ្នាក់ជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព ដៃគូអភិវឌ្ឍន៍ និងអង្គការ សង្គមស៊ីវិល ដែលមានចំនួនសរុបជាង ៦០០នាក់ ។

សិក្ខាសាលានេះបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន២គឺ៖ (១) ផ្សព្វផ្សាយឱ្យមានការ យល់ដឹងកាន់តែទូលំទូលាយ អំពីខ្លឹមសារនៃច្បាប់ ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង (២) ពិនិត្យ និងពិភាក្សាអំពីឱកាស បញ្ហាប្រឈម និងតម្រូវការនានា សម្រាប់ជាមូលដ្ឋានរៀបចំលិខិត បទដ្ឋានគតិយុត្តក្រោមច្បាប់ សំដៅធានាដល់ការអនុវត្តច្បាប់ ប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបជូនថា ច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ និងត្រូវចូលជាធរមាននៅរយៈពេល ១២ខែ ក្រោយថ្ងៃប្រកាស ពោលគឺនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។

ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្ងៃនេះ គឺជាសកម្មភាពអាទិភាពមួយ ដែលមានភាពចាំបាច់ និងត្រូវ អនុវត្តជាបន្ទាន់ ដើម្បីធានាបានថាច្បាប់នេះ ត្រូវបានអនុវត្តបានទាន់ពេលវេលាកំណត់ និងមានប្រសិទ្ធភាព។ សិក្ខាសាលានេះ បានធ្វើឱ្យសិក្ខាកាមយល់កាន់តែច្បាស់ អំពីទិដ្ឋភាពរួមនៃច្បាប់ ខ្លឹមសារសំខាន់ៗ និងទិសដៅ ជាអាទិភាព ដើម្បីធានាប្រសិទ្ធភាពខ្ពស់ក្នុងការអនុវត្តច្បាប់ ស្របតាមតួនាទី និងភារកិច្ចរបស់ស្ថាប័នពាក់ព័ន្ធនីមួយៗ។ ទាំងនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃការអនុវត្ត “ផែនការយុទ្ធសាស្ត្រជាតិស្ដីពីអត្តសញ្ញាណកម្ម ២០១៧-២០២៦” របស់រាជរដ្ឋាភិបាលកម្ពុជា។ 

សូមបញ្ជាក់ថា ការដាក់ឱ្យអនុវត្តច្បាប់នេះ បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើទំនើបកម្ម ក៏ដូចជាការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលអាចឆ្លើយតបកាន់តែល្អ ទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ស្របតាម យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ ការជំរុញអនុវត្តច្បាប់នេះនឹងរួម ចំណែកក្នុងការសម្រេចគោលដៅតំបន់ និងគោលដៅសកល ដូចមានចែងក្នុងគណៈកម្មាធិការសេដ្ឋកិច្ច និង សង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់ការចុះបញ្ជីអត្រានុកូលដ្ឋាន (UN-ESCAP) និង ក្នុងក្របខណ្ឌ ផែនការសកម្មភាពតំបន់ ស្តីពីស្ថិតិអត្រានុកូលដ្ឋានក្នុងតំបន់អាស៊ីប៉ាស៊ីភិច ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព របស់អង្គការសហប្រជាជាតិ៕

To Top