ព័ត៌មានជាតិ

លោក ឃួង ស្រេង ឲ្យអាជ្ញាធរមានសមត្ថកិច្ច ពិនិត្យឡើងវិញ ចំពោះពលរដ្ឋក្រីក្រ “ក្រ១ ក្រ២” និងរងហានិភ័យ

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសចៅសង្កាត់ទាំង១០៥ ពិនិត្យឡើងវិញពីប្រជាពលរដ្ឋក្រីក្រ ក្នុងប្រភេទ “ក្រ១ ក្រ២” និងពលរដ្ឋដែលរងហានិភ័យ ដើម្បីជួយឲ្យចំគោលដៅ ។

ការជំរុញរបស់លោកអភិបាលខាងលើនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅបន្ត សម្រាប់អនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសារ របស់រាជរដ្ឋាភិបាល នាថ្ងៃទី១៨ ធ្នូ នៅសាលារាជធានីភ្នំពេញ ។

លោក ឃួង ស្រេង បានលើកឡើងថា ដោយសារការរាតត្បាតជាសកល នៃជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន-រុស្ស៊ី បានធ្វើឲ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុងនោះសម្រាប់កម្ពុជា ក៏បានទទួលនូវផលប៉ះពាល់ទាំងនេះដែរ ដែលទាមទាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេសចៅសង្កាត់ទាំង១០៥ ដែលជាប្រតិបត្តិករត្រូវ ពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និងប្រជាពលរដ្ឋ ដែលរងហានិភ័យ ដើម្បីជួយឲ្យចំគោលដៅ ។

ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញបន្តថា “រដ្ឋាភិបាល បានចំណាយថវិកាច្រើនណាស់ ដល់ជំនួយសង្គមនេះ ដូច្នេះក្នុងនាមជាប្រតិបត្តិករ ត្រូវធ្វើការងារឲ្យចំគោលដៅ ពោលគឺចំប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ កុំឲ្យមានការប្រណែនគ្នា ។ បើយើងអនុវត្តការងារនេះចំគោលដៅហើយនោះ វាមិនត្រឹមតែមិនមានភាពច្រណែនគ្នាប៉ុណ្ណោះទេ តែយើងក៏មានឧត្ដមភាព លើការងារនេះផងដែរ” ។

ក្នុងនោះលោក ឃួង ស្រេង បានផ្តាំអាជ្ញាធរថា សម្រាប់មន្ត្រីនៅថ្នាក់មូលដ្ឋាន ត្រូវនៅជាមួយប្រជាពលរដ្ឋ មិនថា ថ្ងៃសៅរ៍ ថ្ងៃអាទិត្យទេ ជាអ្នកបំរើលប្រជាពលរដ្ឋរាល់ថ្ងៃ នៅពេលប្រជាពលរដ្ឋមានបញ្ហា ត្រូវចុះជួយពួកគាត់ភ្លាមៗ។

ក្នុងនោះដែរ លោកក៏បានជម្រុញឲ្យពិនិត្យឧបករណ៍ប្រើប្រាស់លើការងារ ដើម្បីអាចដំណើរការការងារឲ្យបានលឿន សម្រសបអាចបញ្ចូលទិន្នន័យបានគ្រប់ទាំងអស់។

លោក ឃួង ស្រេង បញ្ជាក់ថា “ក្នុងនាមអាជ្ញាធរត្រូវដឹងថា ប្រជាពលរដ្ឋក្រីក្រ ត្រូវការជំនួយសង្គមដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល។ បន្ថែមពីនេះ ការងារសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ក៏ជាការងារចាំបាច់បំផុត ដែលយើងត្រូវអនុវត្ត។ យើងត្រូវចាំថា សន្តិសុខ គឺជាអ្វីដែលប្រជាពលរដ្ឋចង់បានគ្រប់គ្នា មិនថាអ្នកមានឬអ្នកក្រឡើយ”៕

To Top