ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំមន្ដ្រីគណបក្សប្រជាជន ត្រូវខិតខំរក្សាកម្លាំងនយោបាយ ពិសេសកម្លាំងប្រជាជន បានបោះឆ្នោតគាំទ្របក្ស ឱ្យស្ថិតស្ថេរគង់វង្ស

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តបាត់ដំបង បានណែនាំមន្ដ្រីគណបក្សប្រជាជនកម្ពុជា ត្រូវខិតខំថែរក្សាកម្លាំងនយោបាយគណបក្ស ជាពិសេសកម្លាំងប្រជាជន បានបោះឆ្នោតគាំទ្រគណបក្ស ឱ្យបានស្ថិតស្ថេរគង់វង្ស ដោយត្រូវយកចិត្តទុកដាក់ថែទាំទាំងស្មារតី និងសម្ភារឱ្យបានជាប់ជាប្រចាំ។

ក្នុងពិធីផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាង ទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ការកែសម្រួលសមាសភាពក្រុមការងារ គណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងការពិនិត្យមើលវឌ្ឍភាព នៃការអនុវត្តផែនការសកម្មភាពឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅសាលមជ្ឈមណ្ឌលសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច ស ខេង បានថ្លែងថា មន្ដ្រីគណបក្សត្រូវបន្តពង្រឹងអង្គការចាត់តាំង គណបក្សគ្រប់ថ្នាក់ឱ្យមានរចនាសម្ព័ន្ធ តាមគោលការណ៍ដែលបានកំណត់ និងមានសមត្ថភាពដឹកនាំអនុវត្តដោយ ជោគជ័យនូវកម្មវិធីនយោបាយ និងការងារនានារបស់គណបក្ស ដោយប្រកាន់នូវ គោលការណ៍សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបការងារ ច្បាស់លាស់ មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងត្រូវផ្សារភ្ជាប់ជាមួយប្រជាជន គ្រប់កាលៈទេសៈ។

សម្ដេច មានប្រសាសន៍ថា «ខិតខំថែរក្សាកម្លាំងនយោបាយគណបក្ស ជាពិសេសកម្លាំងប្រជាជន ដែលបានបោះឆ្នោតគាំទ្រគណបក្ស យើងឱ្យបានស្ថិតស្ថេរគង់វង្ស ដោយត្រូវយកចិត្តទុកដាក់ថែទាំទាំងស្មារតី និងសម្ភារឱ្យបានជាប់ជាប្រចាំ ដើម្បីធានាការដឹកនាំ របស់គណបក្សទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតយូរអង្វែងតទៅមុខទៀត។ ត្រូវបន្តជំរុញសកម្មភាពពង្រឹងពង្រីក សមាជិកបក្សឱ្យបានជាប់ជា ប្រចាំដោយផ្សារភ្ជាប់ជាមួយការ ជំរុញការងារអប់រំនយោបាយ សតិអារម្មណ៍ ការងារចលនាមហាជន ការចិញ្ចឹមចលនានៅមូលដ្ឋានឱ្យបានទូលំទូលាយ ស៊ីជម្រៅ ទាំងក្នុងជួរសមាជិកបក្ស មហាជន និងមជ្ឈដ្ឋាននានាក្នុងសង្គម។ ចំពោះលទ្ធផលមហាសន្និបាត វិសាមញ្ញតំណាងទូទាំងប្រទេសរបស់ គណបក្ស ក្រុមការងារ និងគណបក្សត្រូវសហការបន្តផ្សព្វផ្សាយឱ្យបានទូលំ ទូលាយដល់គណៈកម្មាធិការសាខាបក្សតាមមន្ទីរ អង្គភាពនានា និងនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ត»។

សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សជាជនកម្ពុជា មានប្រសាសន៍បន្ថែមថា គណបក្ស ជាគណបក្សកាន់អំណាចទាំងនៅថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិទាំងមូល ហេតុនេះ ក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានគ្រប់ថ្នាក់ត្រូវទំនាក់ទំនង សហការគ្នាបំពេញការងារ ដើម្បីគាំទ្រ បំពេញឱ្យគ្នាទៅវិញទៅមក ក្នុងការពង្រឹងមូលដ្ឋាន ទាំងការងារនយោបាយ ការងារកសាងអភិវឌ្ឍមូលដ្ឋាន និងការដោះស្រាយឆ្លើយតបសេចក្តីត្រូវការនានា របស់ប្រជាពលរដ្ឋ សំដៅរួមគ្នាអនុវត្តដោយជោគជ័យ នូវកម្មវិធីនយោបាយរបស់ គណបក្ស ដែលបានប្រែក្លាយមកជា កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា៕

To Top