ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអនុញ្ញាតឲ្យយុវជនសិស្ស អន ផានិត ព្រមទាំងក្រុមគ្រួសារចូលជួប នៅភូមិគ្រឹះនាក្រុងតាខ្មៅ ដើម្បីបានសាកសួរសុខទុក្ខ និងផ្តល់ដំបូន្មានមួយចំនួន។
ផានិត ជាយុវជនម្នាក់ប្រឡងបាក់ឌុបបាននិទ្ទេសA ដែលខ្លួនបានកើតចេញពីគ្រួសារក្រីក្រ ជាពិសេសឪពុក ម្តាយពិការទាំង២នាក់ ។

តាមរយៈសារតេឡេក្រាម នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា “ថ្ងៃនេះ ខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អូនស្រី និងសាមីខ្លួន ផានិត មកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនា ខ្ញុំ ពិនិត្យឃើញថា ឪពុក ម្តាយ របស់ផានិត ដែលជាជនពិការទាំងពីរនាក់ពិត ជាមនុស្សគួរឲ្យគោរពសម្រាប់ការលៈបង់ ដើម្បីកូននិងក្រុមគ្រួសារ”។

សម្ដេចតេជោបន្ដថា រីឯ អន ផានិត វិញពិតជាក្មេងប្រកបដោយគុណធម៌ និងការចេះដឹងសាកសម ជាសិស្សប្រឡងជាប់និទ្ទេសA។ ចៅស្រី ដែលជាប្អូនរបស់ ផានិត បាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ ការសិក្សានូវកំរិតមធ្យមសិក្សា ដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា ៣ឆ្នាំខាងមុខ។
ដោយសារមូលហេតុសម្ដេចរៀបរាប់បែបនេះ ទើបសម្តេចថា នេះជាករណីពិសេសដែលសម្តេច ត្រូវជួយដល់ ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។
សម្តេចបន្តថា ធ្វើយ៉ាងនេះ ដើម្បីកុំឲ្យ ផានិត បារម្ភពីឪពុកម្តាយនៅឯស្រុក និងកុំឲ្យឪពុក ម្តាយ បារម្ភពី ផានិត ដែលរៀននៅភ្នំពេញ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
