ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំគណៈកម្មការ រៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។

កិច្ចប្រជុំនេះ បានស្តាប់ប្រសាសន៍ដឹកនាំ របស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្តីពីការរៀបចំមហោស្រពដ៏មានសារៈសំខាន់នេះ សម្រាប់ជាផ្នែកមួយក្នុងឈានទៅ អបអរការប្រារព្ធទិវាកុមារអន្តរជាតិ ឆ្នាំ២០២៤ ។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជំរុញដដល់គណៈកម្មការរៀបចំ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយ អោយបានទូលំទូលាយ ដើម្បីអោយសាធារណជន និងបណ្តាអង្គការជាតិ អន្តរជាតិ ក្រុមហ៊ុន សហគ្រាស និងម្ចាស់ឧបត្តម្ភកម្មវិធីនានា បានទទួលព័ត៌មាន និងយល់ពីតម្លៃនៃការរៀបចំមហោស្រពនេះ ក្នុងការចូលរួមសហការគាំទ្រទាំងផ្នែកស្មារតី ថវិកា និងសំភារៈ ។

យោងតាមអ្នកនាំពាក្យក្រសួងព័ត៌មាន គោលបំណងនៃការរៀបចំមហោស្រពគឺដើម្បី លើកកម្ពស់ការចូលរួមរបស់កុមារកម្ពុជា ក្នុងការបង្ហាញសមត្ថភាពពិតរបស់ពួកគេ ដោយតាមរយៈមហោស្រព វាជាឱកាសមួយលើកទឹកចិត្ត ដល់កុមារកម្ពុជាយើងក្នុងការបញ្ចញនូវ ភាពអង់អាចក្លាហាន ទេពកោសល្យ និងស្នាដៃ សម្រាប់ផ្តល់ជាគំរូល្អដល់កុមារដ៏ទៃទៀត ដែលសុទ្ធសឹងជាទំពាំងស្នងឫស្សី ក្នុងការចូលរួមក្នុងសកម្មភាពសង្គមយើង។ រាល់ការបញ្ចេញសមត្ថភាពច្រៀង និងសម្តែង សម្រាប់ការប្រកួតប្រជែងយកជ័យលាភីក៏ពិតមែន ប៉ុន្តែ សុទ្ធសឹងមានភ្ជាប់ជាមួយនូវអត្ថន័យ និងគោលបំណងអប់រំ ការបណ្តុះគំនិតនិងសីលធម៌ល្អសម្រាប់កុមារកម្ពុជា ជាពិសេសដើម្បីលើកកម្ពស់៖ សិទ្ធិរបស់កុមារ ការលុបបំបាត់អំពើកេងប្រវ័ញ្ចលើកុមារ ការលុបបំបាត់ការសេពគ្រឿងញៀន ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ តម្លៃនៃចំណេះវិជ្ជា សុជីវធម៌និងការរស់នៅក្នុងសង្គម ។ ការរៀបចំកម្មវិធីនេះឡើង ក៏មានគោលបំណងបណ្តុះស្មារតី ឲ្យកុមារតូចៗស្រលាញ់សិល្បៈ ស្រលាញ់វប្បធម៍ ស្រលាញ់ជាតិ តាំងពីវ័យក្មេង។

គួររំលឹកដែរថា ការប្រឡងតន្ត្រី និងចម្រៀងកុមារបានប្រារព្ធ ធ្វើឡើងចាប់ពីពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ ដោយទូរទស្សន៍ជាតិកម្ពុជា ។ ក្រោយមក មហោស្រពតន្ត្រីនិងចម្រៀង កុមារ ត្រូវបានរៀបចំដោយក្រសួងព័ត៌មាន និងក្នុងក្របខណ្ឌនៃការសហការជាមួយ ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជននានា ។

គណៈកម្មការរៀបចំមហោស្រព តន្ត្រីនិងចម្រៀងកុមារ ពានរង្វាន់ក្រសួងព័ត៌មាន នឹងរៀបចំកិច្ចប្រជុំបន្តទៀតដើម្បីពិភាក្សា និងកសាងផែនការលម្អិតសំដៅធ្វើឲ្យ ការរៀបចំមហោស្រពនឹងប្រព្រឹត្ត ទៅប្រកបដោយប្រសិទ្ធភាពនិងទទួលបានជោគជ័យ គាំទ្រដល់គោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល៕

To Top