ព័ត៌មានជាតិ

លោក សយ សុភាព ចាត់ទុកក្រុមតាមបំផ្លាញ គម្រោងព្រែកជីកហ្វូណនតេជោ សែន ជាអ្នកយកជើងរាទឹក

ភ្នំពេញ៖ លោក សយ សុភាព​ អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកក្រុមអ្នកប៉ុនប៉ង តាមបំផ្លាញ គម្រោងព្រែកជីកហ្វូណនតេជោ សែន ជាអ្នកយកជើងរាទឹក។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក សយ សុភាព បានបង្ហោះនូវរូបភាពមួយសន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា « ពួកយកជើងរាទឹក។ មិនមែនដូចប្រទេសដ៏ទៃខ្ចីលុយចិន មកសាង់សង់ទេ គឺក្រុមហ៊ុនរបស់ចិនខ្ចី ពីធនាគាររបស់រដ្ឋចិន មកកសាងហើយក្រោយបញ្ចប់កិច្ចសន្យា ប្រគល់ជូនខ្មែរ(BOT)។ សេដ្ឋកិច្ចខ្មែរនឹងរីកលូតលាស់ កាន់តែល្អប្រសើរក្រោយ ជីកព្រែកហ៊្វូណនតេជោសែន ស្ថាបនារួច។ ពួកអ្នកឯងតាមបំផ្លាញជាតិ និង ប្រជាជនខ្មែរដល់ណាទៀត។ ល្មមៗបានហើយ។ កុំដេកសង្ឃឹមថាពួកអតីតមេដឹកនាំ អ្នកឯងដើរចេញ ពីក្បែរទួលគោក ឬកន្លែងផ្សេងឱ្យសោះ»។

ជុំវិញករណីនេះ លោក ហើស សិរីធន់ អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ បានអះអាងថា នេះគឺជា «នយោបាយតាមបំផ្លាញជាតិខ្មែរ ដោយមានអង្គការចាត់តាំង»។

សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថា”ព្រែកជីកហ្វូណនតេជោ” ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធផល រួចរាល់ដោយបានប្រើប្រាស់ រយៈពេលសរុប២៦ខែគ្រោងចំណាយទុនវិនិយោគ ១ ៧០០លានដុល្លារ។ តាមសិក្សា ផ្លូវទឹកនេះមានប្រវែង​ ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត ចំនួន៤រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងកែប ។ គម្រោងនេះ ត្រូវបានចុះកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងសាជីវកម្មស្ពាន និងថ្នល់ចិន កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ៕

To Top