ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា ដាក់ឲ្យដំណើការអនុស្ថានីយទំនើប ក្នុងអាគារតង់ស្យុង ២៣០គីឡូវ៉ុល ជាលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅក្បាលថ្នល់ រាជធានីភ្នំពេញ និងខ្សែបញ្ជូនតង់ស្យុង ២៣០គីឡូវ៉ុល កណ្ដាលស្ទឹង-ក្បាលថ្នល់

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានបញ្ចប់ការធ្វើតេស្ត ដាក់ឲ្យដំណើការអនុស្ថានីយទំនើប ក្នុងអាគារ តង់ស្យុង ២៣០/១១៥/២២គីឡូវ៉ុល ដែលមានទីតាំង ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ រួមនឹងខ្សែបញ្ជូនតង់ស្យុង ២៣០គីឡូវ៉ុល ភ្ជាប់ពីអនុស្ថានីយក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មកអនុស្ថានីយថ្មីនេះ ។

គម្រោងសាងសង់អនុស្ថានីយនេះ រួមនឹងខ្សែបញ្ជូន ២៣០គីឡូវ៉ុល តាមមហាវិថីសម្តេចតេជា ប្រើប្រាស់ថវិកាឥណទានគាំទ្រ ដោយរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយថវិការបស់អគ្គិសនីកម្ពុជា ។

អនុស្ថានីយថ្មីនេះ ប្រើប្រាស់ឧបករណ៍ផ្តាច់ភ្ជាប់ និងបរិក្ខារអគ្គិសនីផ្សេងៗទៀត ដំណើការក្នុងបំពង់ហ្គាសបិទជិត (Gas Insulated Switchgear) ក្នុងកំរិតតង់ស្យុង ២៣០គីឡូវ៉ុល ដាក់ក្នុងអាគារដំបូងគេ ក្នុងប្រទេសកម្ពុជា ដោយបានបំពាក់នូវត្រង់ស្វូចំនួន ២គ្រឿង ដែលមានសមត្ថភាពបំប្លែង ថាមពលពីតង់ស្យុង ២៣០គីឡូវ៉ុល មក១១៥គីឡូវ៉ុល ក្នុងអានុភាពរហូតដល់ ៣៦០មេហ្គាវ៉ាត់ ក្នុងមួយគ្រឿង ដែលប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Siemens ប្រទេសអាល្លឺម៉ង់ ផលិតនៅប្រទេសចិន។ អនុស្ថានីយ និងខ្សែបញ្ជូនថ្មីនេះ បាននាំថាមពលក្នុងប្រព័ន្ធបញ្ជូនថាមពលជាតិ បញ្ជូនមកផ្តត់ផ្គង់បន្ថែមចូល ក្នុងរាជធានីភ្នំពេញ និងតំបន់ជំវិញប្រមាណ ៧០០មេហ្គាវ៉ាត់ ។

នេះជាហេដ្ឋារចនាសម្ព័ន្ធថ្មីបន្ថែមទៀត ដែលបានអភិវឌ្ឍន៍ និងចាប់ផ្តើមអនុវត្តសាងសង់តាំងពី លោក កែវ រតនៈ ជាអគ្គនាយកអគ្គិសនីកម្ពុជា ហើយនឹងក្លាយទៅជាសមិទ្ធផល ក្នុងវិស័យថាមពល ដែលនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន សន្ធឹកសន្ធាប់ ក្នុងការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រើប្រាស់ ប្រភេទឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយគុណភាព ស្ថិរភាព និរន្តភាព និងកាន់តែល្អប្រសើរជាលំដាប់ ចូលរួមចំណែកជួយជំរុញ​ ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ។

អគ្គិសនីកម្ពុជា ក៏បានកំពុងអនុវត្តការសាងសង់អនុស្ថានីយ ២៣០គីឡូវ៉ុល ប្រភេទនេះមួយទៀត និងខ្សែកប់ដី ២៣០គីឡូវ៉ុល នៅអូបែកក្អម ក្នុងក្របខ័ណ្ឌឥណទានសម្បទាន របស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន JICA ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥៕

To Top