ព័ត៌មានជាតិ

សន្តិភាពជារបាំងការពារ សិទ្ធិរស់រានមានជីវិត និងមានតម្លៃជាសកល សម្រាប់មនុស្សជាតិលើភពផែនដី

ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា សន្តិភាពជារបាំងការពារ សិទ្ធិរស់រានមានជីវិត និងមានតម្លៃជាសកល សម្រាប់មនុស្សជាតិលើភពផែនដី ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបតែបានចេញអនុក្រឹត្យមួយនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ នេះ ដោយកំណត់យកថ្ងៃទី២៩ ធ្នូ ជារៀងរាល់ឆ្នាំជា «ទិវាសន្តិភាពនៅកម្ពុជា» ដែលជាថ្ងៃបុណ្យជាតិផ្លូវការមួយ។

លោកបន្តថា ទិវាសន្តិភាពនៅកម្ពុជាត្រូវបានកំណត់ឡើង ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ ជាក់ស្តែងរបស់ប្រទេស និងប្រជាពលរដ្ឋខ្មែរដែលស្នេហាសន្តិភាព និងស្អប់ខ្ពើមសង្គ្រាម ក៏ដូចជាការរម្លឹកគុណូបការៈ ដល់បិតាស្ថាបនិកសន្តិភាព ព្រមទាំងឥស្សរជនស្នេហាជាតិទាំងឡាយ ដែលបានយកជីវិតទៅប្តូរដើម្បីសន្តិភាពនៅកម្ពុជា។ ទិវានេះក៏ដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាពនិងស្អប់ខ្ពើមភ្លើងសង្គ្រាម ហើយបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។

លោកគូសបញ្ជាក់ថា​ សន្តិភាពមិនមែនត្រឹមតែជាសេចក្តី ត្រូវការចាំបាច់របស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ សន្តិភាពមានតម្លៃជាសកល ពីព្រោះវាជាសេចក្តីត្រូវការរបស់មនុស្សជាតិ នៅលើភពផែនដីទាំងមូល។ នៅលើលោកយើងនេះ គ្មាននរណាស្អប់ខ្ពើមសន្តិភាព ហើយប្រាថ្នាចង់បានសង្គ្រាមនោះឡើយ។ ដូច្នេះ ការបង្កើតឱ្យមាន «ទិវាសន្តិភាពនៅកម្ពុជា» ពិតជាសមស្របហើយស័ក្តិសម នឹងទទួលបានការគាំទ្រពីសំណាក់ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ក៏ដូចជាការគាំទ្រពីមនុស្សជាតិលើភពផែនដីទាំងមូល ជាពិសេសពីបណ្តាប្រទេស ដែលធ្លាប់ភ្លក់រសជាតិសង្គ្រាម។

អ្នកនាំពាក្យថ្លែងថា កម្ពុជាដែលមានបទពិសោធន៍ជោគជាំ ក្នុងភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ មានភ័ព្វសំណាងណាស់ ដែលមានឥស្សរជនស្នេហាជាតិ ចេញមុខតតាំងប្រឆាំងផ្តួលរំលំរបបវាលពិឃាដ ដើម្បីដណ្តើមយកជីវិតខ្មែរដែល នៅសេសសល់ពីជ្រោះមរណៈ។ ក្រៅពីផ្តល់សិទ្ធិរស់រានមានជីវិត និងសិទ្ធិផ្សេងទៀតគ្រប់បែបយ៉ាង ជូនដល់ប្រជាពលរដ្ឋ ការស្វែងរកសន្តិភាព គឺជាបេសកកម្មដ៏លំបាកលំបិនមួយទៀត ដែលត្រូវប្រថុយជីវិតជាថ្មីដើម្បីប្តូរ។ ទីបំផុត សន្តិភាពពេញលេញត្រូវបានរកឃើញនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ដោយការលះបង់ធំធេង និងស្នាដៃនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលជារូបមន្តខ្មែរសុទ្ធសាធ។

លោក ប៉ែន បូណា បន្ថែមថា សន្តិភាពដែលជាសមិទ្ធផល មិនអាចកាត់ថ្លៃបានហើយ ដែលប្រជាពលរដ្ឋខ្មែរទទួលផលរាល់ថ្ងៃ បាននឹងកំពុងចាក់ឫសកាន់តែជ្រៅ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការថែទាំនិងការពារយ៉ាងមុតមាំ ពីសំណាក់រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ដោយហេតុថា សន្តិភាពមានតម្លៃជាសកល ដូច្នេះ អ្នកដែលប្រឆាំងនឹងសន្តិភាព មានន័យថា ជាអ្នកប្រឆាំងនឹងតម្លៃសកលរបស់មនុស្សជាតិ ពោលគឺ ប្រឆាំងនឹងសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានរបស់មនុស្សតែម្តង ៕

To Top