ភ្នំពេញ ៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បុរសម្នាក់ដែលមានផ្ទុកសារធាតុគ្រឿងញៀនក្នុងខ្លួនផងដែរនោះ ហើយបានយកទីធ្លាលើឆ្នេរសមុទ្រដើម្បីដាក់តុទារលុយ៣ម៉ឺនរៀល ក្នុង១តុពីភ្ញៀវទេសចរណ៍ដែលមកកម្សាន្តនាឱកាសឆ្លងឆ្នាំថ្មី២០២៣ចូល២០២៤ ត្រូវបានហៅមកអប់រំណែនាំ និងបញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀនផងដែរ ។
ក្រោយពីទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នារសៀលថ្ងៃ២ មករានេះ លោក គួច ចំរើន បានបង្ហាញសំណេរយ៉ាងខ្លីពីបុរសខាងលើអមដោយខ្លឹមសារថា “កុំឈ្លើយ ប្រាប់ហើយថា កុំវ៉ាងទី លើឆ្នេរសាធារណៈ ។ គាត់ណឹងដាក់តុទារលុយភ្ញៀវ រហូតដល់៣ម៉ឺនរៀល យកមកវាស់កំពស់ម្ដងមើល រួចធ្វើតេស្តវិជ្ជមាន សារធាតុញៀនទៀត យកទៅមណ្ឌលបន្សាបគ្រឿងញៀនបន្ត”៕



