ព័ត៌មានជាតិ

ក្រសួងការបរទេស បញ្ជាក់ថា​ ពុំមានពលរដ្ឋខ្មែរ បាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយគ្រោះរញ្ជួយដីនៅជប៉ុននោះទេ

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា ពុំមានពលរដ្ឋខ្មែរបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយគ្រោះរញ្ជួយ ក្នុងប្រទេសជប៉ុនឡើយ ហើយរាជរដ្ឋាភិបាល កំពុងតាមដានយ៉ាងយកចិត្តទុកដាក់។

តាមរយៈសេចក្ដីថ្លែងការណ៍ព័ត៌មាន បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ ៣ចំណុច អំពីស្ថានភាពពលរដ្ឋខ្មែររស់នៅ ក្នុងប្រទេសជប៉ុន បន្ទាប់ពីមានគ្រោះរញ្ជួយដីកម្រិត៧,៦វ៉ិចទ័រ នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ដូចតទៅ៖

១-សុវត្ថិភាពរបស់ពលរដ្ឋខ្មែរ គឺជាអាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល។ ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បាននិងកំពុងតាមដានដោយ យកចិត្តទុកដាក់នូវការវិវត្តនៃគ្រោះធម្មជាតិនេះ ក៏ដូចជាបានខិតខំទាក់ទងពលរដ្ឋខ្មែរ មួយចំនួនរស់នៅក្នុងប្រទេសជប៉ុន។ ស្ថានទូតក៏បានផ្សព្វផ្សាយនូវលេខទូរស័ព្ទ (០៨០ ៤៦៨៩ ៩៣៧៤) និងទំព័រហ្វេសបុករបស់ស្ថានទូត (Royal Embassy of Cambodia in Japan) សម្រាប់ការទំនាក់ទំនងដោយផ្ទាល់ ក្នុងករណីមានតម្រូវការចាំបាច់ណាមួយ។

២- យោងតាមរបាយការណ៍ស្ថានទូតកម្ពុជា មានពលរដ្ឋខ្មែរចំនួនជាង ១.៦០០ នាក់ ដែលរស់នៅក្នុងតំបន់រងគ្រោះ (ខេត្តចំនួន៦)។ យោងតាមព័ត៌មានបឋមរបស់ស្ថានទូតកម្ពុជា (គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១០ ព្រឹក) ពុំមានរបាយការណ៍ អំពីករណីពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិត ឬរងគ្រោះថ្នាក់ ដោយសារគ្រោះរញ្ជួយដីខាងលើទេ។ ដោយឡែក មានរបាយការណ៍អំពីនិស្សិតខ្មែរចំនួន៣រូប ដែលស្ថិតក្នុងខេត្ត Ishikawa និងចំនួន៥រូបផ្សេងទៀត ដែលស្ថិតក្នុងខេត្ត Niigata ត្រូវបានជម្លៀសមក ទីតាំងមានសុវត្ថិភាពរួចហើយ។ ស្ថានទូតកម្ពុជានឹងបន្តតាមដាន និងសហការជាមួយ អាជ្ញាធរជប៉ុនពាក់ព័ន្ធ ដើម្បីរាយការណ៍ជាប្រចាំអំពីស្ថានភាពវិវត្តន៍។

៣- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមអំពាវនាវពលរដ្ឋខ្មែរដែលកំពុង រស់នៅក្នុងប្រទេសជប៉ុន បន្តមានការប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងគោរពនិងអនុវត្តតាម ការណែនាំរបស់អាជ្ញាធរជប៉ុន ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន៕

To Top