ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំមន្ដ្រីនគរបាល ត្រូវពង្រឹងសមត្ថភាព និងដើរឱ្យទាន់សង្គមបច្ចេកវិទ្យាឌីជីថល

ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំមន្ដ្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាព និងដើរឲ្យទាន់សង្គមបច្ចេកវិទ្យាឌីជីថល ខណៈនៅមានប្រជាពលរដ្ឋជាច្រើន បានរងគ្រោះដោយសារក្រុមជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសនៅតាមទីជនបទ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារបញ្ចូលសូចនាករ នៃវិធានការគន្លឹះក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលឆ្នាំ២០២១-២០៣៥ និងការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៣-២០២៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ស ថេត បានសង្កេតឃើញថា នៅពេលរងគ្រោះប្រជាពលរដ្ឋតែងទៅដាក់ពាក្យបណ្ដឹង នៅតាមមូលដ្ឋាន ក៏ប៉ុន្ដែសមត្ថភាពនៃការជួយសង្គ្រោះរបស់មន្ដ្រីមូលដ្ឋានហាក់នៅមានកម្រិតនៅឡើយ។

នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងថា «ដើម្បីយើងយល់ដឹងក្នុងការគ្រប់គ្រង ទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបទៅលើបទល្មើសនេះ យើងត្រូវតែមានការយល់ដឹងអំពីបច្ចេកវិទ្យា ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងជាមួយនាយកដ្ឋានជំនាញដើម្បីជួយគ្នា។ យើងត្រូវទទួលស្គាល់ថា មន្ដ្រីរបស់យើងមិនទាន់ទទួលបានការបណ្ដុះបណ្ដាលលើបញ្ហាអស់ទាំងនេះ ដូច្នេះបញ្ហាកើតឡើងច្រើន»។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ គូសបញ្ជាក់ថា តំបន់ដែលមានប្រជាពលរដ្ឋរងគ្រោះដោយសារបទល្មើសបច្ចេកវិទ្យាច្រើន គឺនៅខេត្តមណ្ឌលគិរី, រតនគិរី, សៀមរាប និងរាជធានីភ្នំពេញផ្ទាល់តែម្ដង ដូច្នេះហើយមន្ដ្រីនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាព ដើម្បីបង្កើននូវទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ លើការដឹកនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គភាពចំណុះរាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍ ស ថេត បានបន្ថែមទៀតថា នៅពេលមន្ដ្រីនគរបាលទទួលបានការបណ្ដុះបណ្ដាល និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបហើយនោះ គឺអាចពន្យល់ណែនាំដល់ប្រជាពលរដ្ឋអំពីកលល្បិច នៃការបោកឆញ្ឆោទរបស់ក្រុមឧក្រិដ្ឋជន។ នាយឧត្តមសេនីយ៍ បន្តថា នៅពេលសមត្ថកិច្ចគ្រប់គ្រងបទល្មើសនេះបាន នោះនឹងអាចឈានទៅការបង្ក្រាបបទល្មើសផ្សេងទៀត ដែលមានការពាក់ព័ន្ធបានដោយជោគជ័យផងដែរ៕

To Top