ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ដោយលោកក៏បានណែនាំឲ្យពង្រឹងអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព មាន៧ចំណុច ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីនាំមកសុខសុវត្ថិភាពក្នុងមូលដ្ឋានប្រកបដោយភាពកក់ក្តៅរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោកស្នងការ ក៏បានណែនាំមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ត្រូវធ្វើអំពើល្អ និងការផ្តល់សេវាសន្តិសុខ និងសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿនឆាប់រហ័ស។ ត្រូវពង្រឹងកិច្ចការជំនាញឲ្យមានគុណភាព បម្រើលើការអនុវត្តភារកិច្ចជំនាញឲ្យកាន់តែមានប្រសិទ្ធភាព។

លោកស្នងការ ក៏បានណែនាំឲ្យមន្រ្តីអនុវត្តច្បាប់ត្រូវគោរពច្បាប់ឲ្យបានម៉ឺងម៉ាត់ និងគោរពវិន័យនគរបាលជាតិ និងវិជ្ជាជីវៈជំនាញ។ ពង្រឹងកត្តាសាមគ្គឺផ្ទៃក្នុងឲ្យបានល្អ មិនត្រូវទម្លាយព័ត៌មានផ្ទៃក្នុងអង្គភាពទៅខាងក្រៅនោះទេ។

ពិធីសំណេះសំណាលដែរ ក៏មានការចូលរួមពីលោកស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌជ្រោយចង្វារ លោក-លោកស្រីអធិការរង លោកនាយផ្នែកជំនាញ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥ ចំណុះអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ៕

To Top