ព័ត៌មានជាតិ

ផ្តើមពីថ្ងៃ៧មករា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដែលបានសាងប្រវត្តិសាស្ត្រថ្មី ដ៏អស្ចារ្យសម្រាប់កម្ពុជា

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា ទោះបីជា៤៥ឆ្នាំបានកន្លងផុតទៅហើយក្តី ប៉ុន្តែ ៧មករា ១៩៧៩ នៅតែជាថ្ងៃដែលខ្មែរចងចាំជានិច្ចមិនអាចបំភ្លេចបាន។ តម្លៃដ៏អស្ចារ្យកាត់ថ្លៃមិនបាននៃថ្ងៃ ៧មករា ដែលត្រូវបានចារទុកក្នុងក្រអៅបេះដូងខ្មែរគ្រប់រូបក៏ដូចជាក្នុងទំព័រក្រាំងមាសនៃប្រវត្តិសាស្ត្រកម្ពុជាអមតៈនោះគឺ«សិទ្ធិរស់រានមានជីវិត»។ បើគ្មានថ្ងៃ ៧មករា និងគ្មានការលះបង់របស់សម្តេចតេជោនិងឥស្សរជនគណបក្សប្រជាជនកម្ពុជាទេ ខ្មែរគ្មានសំណាងបានឃើញសង្គមសម័យទំនើបរបស់ខ្លួនដូចសព្វថ្ងៃឡើយ។ មានជីវិតទើបមានអ្វីៗទាំងអស់នេះ។

លោករៀបរាប់ថា ការយកជីវិតផ្ទាល់ខ្លួនធ្វើដើមទុនដើម្បីប្តូរយកសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងប្តូរយកសន្តិភាពសម្រាប់ប្រទេសទាំងមូលគឺជាការលះបង់ដ៏ធំធេងគ្មានអ្វីប្រៀបផ្ទឹមបានឡើយ។ វីរភាពដ៏អស្ចារ្យនេះពិតជាស័ក្តិសមណាស់ដែលសម្តេចតេជោត្រូវបានពលរដ្ឋខ្មែរប្រសិទ្ធនាមថា«សម្តេចពុក»ពោលគឺជាឪពុកដែលហ៊ានលះបង់ជីវិតដើម្បីកូន។ ជាស្ថាបនិកនិងមគ្គុទេសក៏ឯកនៃសន្តិភាពនិងនយោបាយឈ្នះឈ្នះពីព្រោះសម្តេចជាអ្នកធ្វើឱ្យសម្រេចសន្តិភាពតាមរយៈដំណោះស្រាយនយោបាយឈ្នះឈ្នះដ៏ល្អឯកគ្មានពីរ។ 

លោកថា នៅកម្ពុជា ពេលនិយាយពីការសង្គ្រោះជីវិតពីរបបខ្មែរក្រហម និយាយពីសន្តិភាព និយាយពីនយោបាយឈ្នះឈ្នះ និយាយពីការធានាស្ថិរភាពនយោបាយ និរន្តរភាពសង្គម និងការអភិវឌ្ឍន៍ គេមិនអាចមិននិយាយពីតួអង្គសម្តេចតេជោ ហ៊ុន សែន បានឡើយ។ ថ្មីៗនេះ កម្ពុជាបានទទួលកេរ្តិ៍ឈ្មោះថ្មី ល្បីរន្ធឺមួយទៀតលើពិភពលោកថាជា«ប្រទេសតូចតែបេះដូងធំ» តាមរយៈការជួយសង្គ្រោះជីវិតទេសចរជាងពីរពាន់ នាក់នៅលើនាវា Westerdam ដោយប្រើបេះដូងមនុស្សធម៌ ក៏ជាស្នាដៃសម្តេចតេជោ ហ៊ុន សែន។

សរុបមកវិញ តាមរយៈវីរភាពគ្មានអ្វីប្រៀបផ្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន បានក្លាយជាអ្នកសាងប្រវត្តិសាស្ត្រថ្មីដ៏អស្ចារ្យសម្រាប់កម្ពុជា នាចុងសតវត្សរ៍ទី២០ និងដើមសតវត្សរ៍ទី២១នេះ ឬអាចនិយាយម្យ៉ាងទៀតថា សម្តេចជាមេដឹកនាំដែលបានកសាងសមិទ្ធផលធំធេងមិនធ្លាប់មានសម្រាប់កម្ពុជាក្នុងប្រវត្តិសាស្ត្រសម័យទំនើបជាង៥០០ ឆ្នាំចុងក្រោយ។ សមិទ្ធផលនិងស្នាដៃដ៏អស្ចារ្យដែលសាងឡើងដោយសម្តេចតេជោ ហ៊ុន សែន និងរាមច្បងជំនាន់មុននៃគណបក្សប្រជាជនកម្ពុជាត្រូវបានថែរក្សាការពារយ៉ាងល្អដោយរាជរដ្ឋាភិបាលបន្តវេនជំនាន់ក្រោយដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះគឺជាក្តីសង្ឃឹមប្រកបដោយមោទនភាពរបស់ប្រជាពលរដ្ឋខ្មែរ៕

To Top