ព័ត៌មានជាតិ

កម្ពុជា លើកទឹកចិត្ត ឱ្យអ្នកវិនិយោគឥណ្ឌូនេស៊ី មកសិក្សា ឱកាសវិនិយោគ ដ៏មានសក្តានុពលនៅកម្ពុជា ពិសេសវិស័យ កសិឧស្សាហកម្ម

ភ្នំពេញ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងលើកទឹកចិត្ត ឱ្យអ្នកវិនិយោគ ឥណ្ឌូនេស៊ី មកសិក្សាពីឱកាសវិនិយោគ ដ៏មានសក្តានុពលនៅប្រទេសកម្ពុជា ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម ការកែច្នៃស្រូវ ឃ្លាំង និងម៉ាស៊ីនកិនស្រូវ ដើម្បីនាំចេញអង្ករកម្ពុជា ទៅកាន់ឥណ្ឌូនេស៊ី ។

ការថ្លែងលើកទឹកចិត្តរបស់ប្រមុខការទូតខ្មែរ បែបនេះធ្វើឡើងក្នុង ឱកាសអនុញ្ញាតឲ្យលោក សាន់តូ ជាម៉ូស៊ូម៉ាតូ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបនោះភាគីទាំងពីរ បានកត់សម្គាល់ដោយការពេញចិត្ត ចំពោះការបន្តរីកចម្រើននៃចំណងមិត្តភាពដ៏យូរអង្វែង រវាងកម្ពុជា និងឥណ្ឌូនេស៊ី ជាពិសេស លទ្ធផលប្រកបដោយផ្លែផ្កានៃជំនួបទ្វេភាគីនាពេលថ្មីៗនេះរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតី ឥណ្ឌូនេស៊ី ក្នុងឱកាស នៃកិច្ចប្រជុំកំពូល អាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានី ហ្សាការតា កាលពីខែកញ្ញា ឆ្នាំមុន។

ភាគីទាំងពីរ បានគូសបញ្ជាក់ អំពីសារសំខាន់ នៃការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលមាន ផលប្រយោជន៍ ទៅវិញទៅមក រួមទាំងសន្តិសុខ នយោបាយនិងការពារជាតិ ពាណិជ្ជកម្មនិងការវិនិយោគ ការអប់រំ កីឡា វប្បធម៌ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។

ភាគីទាំងពីរ បានផ្លាស់ប្តូរទស្សនៈគ្នា អំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមពេលវេលា សមស្រប និងសកម្មភាពរួមគ្នានានា ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាង ប្រទេសទាំងពីរ នៅក្នុងឆ្នាំនេះ ៕

To Top