ព័ត៌មានជាតិ

ក្រសួងការងារ អនុញ្ញាតឱ្យកម្មករឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុង ឱកាសទិវាសន្តិភាពនៅកម្ពុជា នាថ្ងៃទី២៩ ធ្នូ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសអនុញ្ញាតឱ្យកម្មករនិយោជិត នៃសហគ្រាស គ្រឹះស្ថានទាំងអស់ បានឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល នៅថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំដែលជាទិវាសន្តិភាព នៅកម្ពុជាបន្ថែមលើថ្ងៃឈប់សម្រាកពីការងារដោយមានប្រាក់ឈ្នួល ដែលមានកំណត់ ស្ដីពី ការឈប់បុណ្យដែលមានប្រាក់ឈ្នួល ប្រចាំឆ្នាំ២០២៤។

សូមរំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យកំណត់យកថ្ងៃទី២៩ ខែធ្នូ ជារៀងរាល់ឆ្នាំ ជា «ទិវាសន្តិភាពនៅកម្ពុជា»។
អនុក្រឹត្យបញ្ជាក់ថាទិវាសន្តិភាពនៅកម្ពុជានេះ ត្រូវបានកំណត់ជាថ្ងៃឈប់សម្រាកសាធារណៈ។ គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល អង្គការអន្តរជាតិ និងវិស័យឯកជន ត្រូវចូលរួមបំផុសស្មារតីប្រជាជនកម្ពុជាឱ្យយល់ដឹងអំពីគុណតម្លៃនៃសន្តិភាព លើកកម្ពស់វប្បធម៌សន្តិភាព និងរួមគ្នាថែរក្សាការពារសន្តិភាពនៅកម្ពុជា ឱ្យបានគង់វង្ស៕

To Top