ព័ត៌មានជាតិ

អភិបាលខេត្តពោធិ៍សាត់ បើកទ្វារទឹក ដល់កសិករធ្វើស្រែប្រាំង ​ដែលកំពុងកង្វះទឹកបន្ទាន់

ពោធិ៍សាត់ ៖ លោកខូយ រីដា ​អភិបាលខេត្តពោធិ៍សាត់​ ​ដឹកនាំមន្ត្រី​ជំនាញក្រោមឱវាទ​​ ចុះអន្តរាគន៍​បើកទ្វារទឹក ទំនប់ទី៣ និង ទ្វារទឹកទំនប់ទី៥ ជូយដល់ប្រជាកសិករ ដែលកំពុងធ្វើស្រែប្រាំង​ ដែលកំពុងកង្វះទឹកបន្ទាន់។

​លោកហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ការបង្កបង្កើនផលស្រូវ រដូវប្រាំងទូទាំងខេត្ត គិតត្រឹមថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៤នេះ សម្រេចបានសរុប ៥០.៥១៨ ហិចតាស្មើរនឹង ២៥២.៥៩%នៃផែនការប្រចាំឆ្នាំ ចំនួន ២០.០០០ ហិចតា ដូចនេះហើយបើតាមការពិនិត្យជាក់ស្តែង ផ្ទៃដីដែលប្រជាកសិករ កំពុងបង្កបង្កើនផលស្រូវប្រាំងនោះ គឺលើសផែនការកំនត់ ហើយពួកគាត់នឹងអាចជួបនូវបញ្ហាកង្វះខាតទឹក ស្រោចស្រប់លើដំណាំស្រូវប្រាំង របស់ពួកគាត់នាពេលខាងមុខផងដែរ។

នាឱកាសនោះ ​អភិបាលខេត្តពោធិ៍សាត់ បានមានប្រសាសន៍ ស្នើរដល់អាជ្ញាធរភូមិ អាជ្ញាធរឃុំ អាជ្ញាធរស្រុក ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋ សូមកុំធ្វើស្រូវប្រាំងជាលើកទី ២ បន្តទៀត ខណះនាពេលខាងមុខ នឹង អាចប្រឈមនូវបញ្ហាកង្វះខាតទឹក ហើយអាជ្ញាធរ និង ស្វះស្វែងរកវិធីសាស្ត្រដោះស្រាយ នូវបញ្ហាទាំងនេះ ជូនដល់ប្រជាកសិករដែលកំពុង បង្កបង្កើនផល ស្រូវរដូវប្រាំង ដែលលើសផែនការនេះ អោយអស់លទ្ធភាព។ លោកអភិបាលខេត្តក៍បានមានប្រសាន៍បន្តថា ជាការពិតណាស់បងប្អូនប្រជាកសិករ បានបូមទឹកចេញពីប្រឡាយ បឹង បានស្រកដល់បាតដី ដើម្បីយកទឹកមកស្រោចស្រប់ការពារ លើដំណាំស្រូវរបស់បងប្អូនក៍ពិតមែន ប៉ុន្តែយើងនៅ មានទំនប់ទឹកទី ៣ និង ទំនប់ទឹកទី ៥ ដែលស្តុបទឹកបានជាង ៥០ លានម៉ែត្រគូបសម្រាបើកទឹកបញ្ជូនតាមស្ទឹង ប្រឡាយមេ ប្រឡាយរង ឬ ប្រឡាយក្អែបដើម្បីអោយកសិករត្រៀមបូមបញ្ចូលដាក់ស្រែរបស់ពួកគាត់រៀងៗខ្លួន។

លោកអភិបាលខេត្តក៍បានគូសបញ្ជាក់ថា ការធ្វើស្រែគឺតម្រូវការស្រូវពូជ និង ទឹក បើមានស្រូវពូជ តែកង្វះទឹក ឬ ក៍មានទឹកតែកង្វះស្រូវពូជ ក៍យើងមិនអាចដំណើរការទៅបានដែរ។នេះជាគោលនយោបាយមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៍ដូចជាការអនុវត្តន៍នូវតួនាទីភារកិច្ចនៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ មិនត្រូវសង្ហំស្ងៀម នៅពេលដែលប្រជាពលរដ្ឋ ជួបនូវបញ្ហានោះឡើយ។

ជាក់ស្តែងដូចជាករណីប្រជាពលរដ្ឋ ធ្វើស្រែប្រាំងលើសផែនការកំនត់ រដ្ឋបាលខេត្តបានចេញសេចក្តីណែនាំ អោយផ្អាកការធ្វើស្រែប្រាំងជាលើកទី ២ រួចមកហើយប៉ុន្តែប្រជាកសិករនៅតែបន្តធ្វើ ដូចនេះក្នុងនាមអាជ្ញាធរខេត្ត បើបងប្អូនជួបការលំបាក ជួបបញ្ហាហើយមិន ជួយដោះស្រាយនោះទេ ស្រែរបស់ប្រជាកសិករ និង ប្រឈមនូវការខូចខាត នាពេលខាងមុខជាក់ជាមិនខានឡើយ។

លោកអភិបាលខេត្តក៍បានណែនាំ និង បញ្ជាទៅមន្ទីរជំនាញអោយបើកទ្វារទឹកទំនប់ទី ៣ និង ទំនប់ទី ៥ ដើម្បីជួយអន្តរាគមន៍ដល់ប្រជាកសិករ អោយបានទាន់ពេលវេលា ហើយអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវផ្សព្វផ្សាយ និង ការបែងចែកទឹកទៅដល់ស្រែ ប្រជាកសិករអោយបានត្រឹមត្រូវ ៕

To Top