ព័ត៌មានជាតិ

ក្រសួងការងារ សេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី១៦ជូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារ

ភ្នំពេញ៖ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសេចក្តីជូនដំណឹង ស្តីពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភលើកទី១៦ជូនបងប្អូនកម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា ខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៣ នៃរោងចក្រ ចំនួន ២១ ក្នុងវិស័យកាត់ដេរ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការ របស់រាជរដ្ឋាភិបាល។

សេចក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរសព្ទដែលបងប្អូនបានផ្ដល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក។ប្រាក់ឧបត្ថម្ភនេះនឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃនៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖ ៨១ ០០០រៀល (២០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១៤ថ្ងៃ ១៦២ ០០០រៀល (៤០ដុល្លារអាម៉េរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល ១៥ថ្ងៃ ដល់ ១ខែ។

ក្រសួងសូមរំឮកថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងបង្វិលប្រាក់ឧបត្ថម្ភនេះជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូន ខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល ២១ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះ ទៅកាន់ភ្នាក់ងារវីងដែលនៅជិតបំផុត។

សូមបញ្ជាក់ថាបងប្អូនមិនតម្រូវឱ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយពេលបើកប្រាក់ឧបត្ថម្ភនេះ។ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រទាំង២១ នេះ មិនបានទទួលសារទូរសព្ទពីធនាគារ វីង (ខេមបូឌា) ម.ក នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួនទៅរដ្ឋបាលរោងចក្ររបស់ខ្លួន។ ក្រសួងនឹងបន្តជូនដំណឹងដល់បងប្អូនកម្មករនិយោជិតរោងចក្រដទៃផ្សេងទៀត ដែលទីទួលបានការអនុញ្ញាត ព្យួរកិច្ចសន្យាការងារអំពីការបើកផ្តល់ប្រាក់ឧបត្ថម្ភនេះ។អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជាពិសេសបងប្អូនកម្មករនិយោជិតជ្រាបជាព័ត៌មាននិងសូមរួសរាន់ទំនាក់ទំនងបើកប្រាក់ឧបត្ថម្ភនេះនៅតាមភ្នាក់ងារវីងនានាដែលនៅជិតបំផុតឱ្យបានទាន់ពេលវេលា៕

To Top