ព័ត៌មានជាតិ

ក្រសួងការបរទេសខ្មែរ បញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះគោលនយោបាយចិនមួយ

ភ្នំពេញ៖ ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់ យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឲ្យប្រទេសចិនទាំងមូល។

នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់ក្រសួងការបរទេសកម្ពុជា នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

ការបញ្ជាក់ជាថ្មីរបស់កម្ពុជា ដែលជាមិត្តដែកថែបចិននេះ បន្ទាប់ពីកោះតៃវ៉ាន់កាលពីថ្ងៃ១៣ មករា បានរៀបចំការបោះឆ្នោតជ្រើសរើសជាមេដឹកនាំថ្មី។ ជាលទ្ធផលគឺលោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលជាមនុស្សម្នាក់ប្រឆាំងចិន បានជាប់ឆ្នោតជាប្រធានាធិបតីកោះតៃវ៉ាន់ថ្មីអាណត្តិទី៣ ជំនួសលោកស្រី Tsai Ing-wen ដែលត្រូវបានហាមឃាត់ដោយរដ្ឋធម្មនុញ្ញ ពីការស្វែងរកការកាន់អំណាចនៅអាណត្តិទី៣ បន្តទៀត៕

To Top