ព័ត៌មានជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវដែកបារាំង ចាប់អារម្មណ៍វិនិយោការតភ្ជាប់ វិស័យដឹកជញ្ជូនតាមផ្លូវដែក ពីទីប្រជុំជន ទៅកាន់តំបន់ផ្សេងៗនៅកម្ពុជា

រូបភាពពី៖​ STPM

ភ្នំពេញ៖ លោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ដែលជាក្រុមហ៊ុន បណ្ដាក់ទុនវិនិយោគ លើវិស័យដឹកជញ្ជូនតាមផ្លូវដែក និងផលិតរថភ្លើងលឿន មេត្រូ ម៉ណូរ៉េល និងត្រាម បានបង្ហាញចំណាប់អារម្មណ៍ លើការវិនិយោគ ការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូន ពីទីប្រជុំជន ទៅកាន់តំបន់មួយទៀត និងចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើង ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ ។

ការបង្ហាញបំណងរបស់ថ្នាក់ដឹកនាំ ក្រុមហ៊ុន ខាងលើនេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្តែងការគួរសម នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងឱកាសនៃជំនួបនេះ លោក Philippe DELLEUR បានលើកឡើងអំពីសកម្មភាព និងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន ដែលក្រុមហ៊ុនបាននិងកំពុងបណ្ដាក់ទុន វិនិយោគ លើវិស័យដឹកជញ្ជូន តាមផ្លូវដែក ការផលិតរថភ្លើងលឿន ដែលមានដូចជា រថភ្លើងលឿនមេត្រូ ម៉ណូរ៉េល (Monorail) និងត្រាម (Trams)។

លោកបានបន្ថែមថា ក្រុមហ៊ុនមានបទពិសោធន៍ជាច្រើន លើវិស័យនេះ ព្រមទាំងបាន និងកំពុងធ្វើប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅតាមបណ្ដាប្រទេសជាច្រើន លើពិភពលោក ក្នុងនោះរួមមានបណ្ដាប្រទេសអាស៊ាន ដូចជា ប្រទេសថៃ ប្រទេសហ្វីលីពីន និងប្រទេសវៀតណាម ផងដែរ។

លោក Philippe DELLEUR បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍របស់ក្រុមហ៊ុន លើវិស័យនេះនៅទ្វីបអាស៊ី ក្រុមហ៊ុនមានលទ្ធភាព និងសក្ដានុពលគ្រប់គ្រាន់ ក្នុងការវិនិយោគលើការអភិវឌ្ឍន៍ វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅកម្ពុជា ហើយក្រុមហ៊ុនចាប់អារម្មណ៍ លើការវិនិយោគការរៀបចំទីក្រុង ការតភ្ជាប់ការដឹកជញ្ជូន ពីទីប្រជុំជនមួយទៅកាន់តំបន់មួយទៀត ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលក្នុងនោះ ក្រុមហ៊ុនបានបញ្ជាក់ថា ក៏ចាប់អារម្មណ៍លើការសាងសង់ផ្លូវរថភ្លើង ពីរាជធានីភ្នំពេញ ទៅកាន់តំបន់អាកាសយានដ្ឋាន ឬតំបន់ផ្សេងៗ។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ជូនថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានផ្ដល់សារៈសំខាន់ខ្ពស់ ដល់ការពង្រឹង និងពង្រីកលើទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត និងជាពិសេស ផ្ដោតយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការ លើវិស័យពាណិជ្ជកម្ម និងវិនិយោគ។

សម្ដេចធិបតី បានបន្ថែមទៀតថា កម្ពុជាមានគោលនយោយបាយ និងបរិស្ថានអំណោយផល ដល់វិនិយោគិនបរទេស ដូចជា ច្បាប់វិនិយោគថ្មី ដែលផ្ដល់ក្របខ័ណ្ឌអនុគ្រោះ និងការលើកទឹកចិត្ត ដល់ការវិនិយោគផ្ទាល់ ពីបរទេស និងការលើកទឹកចិត្តផ្សេងៗទៀត។

ក្នុងនោះសម្ដេចធិបតី បានលើកទឹកចិត្តដល់ក្រុមហ៊ុន និងវិនិយោគិនបារាំង មកបណ្ដាក់ទុននៅកម្ពុជា និងគាំទ្រដល់ក្រុមហ៊ុនពិភាក្សាបន្ថែមទៀត ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការពិនិត្យលទ្ធភាពសិក្សា នៅតាមតំបន់មានសក្ដានុពលសេដ្ឋកិច្ចសំខាន់ៗ របស់ព្រះរាជាណាចក្រកម្ពុជា ដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុជាដើម៕

To Top