ព័ត៌មានជាតិ

រដ្ឋមន្រ្តីមហាផ្ទៃ ឲ្យអគ្គនាយកដ្ឋានពន្ធនាគារ សហការរៀបចំទស្សនកិច្ច ជាមួយអង្គការជាតិ-អន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ-ឯកជន ស្វែងយល់ពីស្ថានភាពពន្ធនាគារ

ភ្នំពេញ ៖ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឲ្យអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដើម្បីឈានទៅរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីស្ថានភាពទូទៅនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។

នេះជាការលើកឡើងរបស់លោករដ្ឋមន្រ្តីមហាផ្ទៃក្នុងឱកាសចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី១ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ នាព្រឹកថ្ងៃ១៧ មករា ។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្តីគូសបញ្ជាក់ថា ស្ថានភាពពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅកម្ពុជា ថ្វីដ្បិតផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតខ្លះ ក៏ប៉ុន្តែជារួម ការគ្រប់គ្រង ការស្ដារនីតិសម្បទា ការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាដើម បានប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ។

បើតាមបណ្ឌិត ស សុខា ការសហការរៀបចំទស្សនកិច្ចនៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ជាការផ្ដល់ឱកាសឲ្យភាគីពាក់ព័ន្ធ ជាពិសេសអង្គការជាតិ និងអន្តរជាតិ បានមើលឃើញដោយផ្ទាល់ភ្នែក និងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពពិត ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ ក្នុងការអនុវត្តវិធានការសន្តិសុខ ក៏ដូចជាលើកស្ទួយសិទ្ធិជនជាប់ឃុំ តាមច្បាប់កំណត់ ជាអាទិ៍សិទ្ធិទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ សិទ្ធិសុខភាព ជំនឿសាសនា និងការផ្គត់ផ្គង់របបអាហារជាដើម។ យ៉ាងហោចណាស់ធ្វើ១ដង ក្នុងមួយឆ្នាំ ។

លោកបណ្ឌិត ក៏ផ្ដល់អនុសាសន៍ឲ្យរៀបចំទស្សនកិច្ចដូចគ្នានេះ ជាមួយគ្រឹះស្ថានរដ្ឋ និងឯកជនផងដែរ។ លោកមានប្រសាសន៍ថា«យើងអាចរៀបចំក្នុងទម្រង់សមល្មមមួយ ដើម្បីដាស់សតិអារម្មណ៍ឲ្យសិស្ស-និស្សិត បានឃើញ និងដឹងកាន់តែច្បាស់ថា តើអ្វីទៅជាពន្ធនាគារ ឬមណ្ឌលអប់រំកែប្រែ ដឹងពីផលនៃការប្រព្រឹត្តិអំពើខុសច្បាប់ ហើយចូលរួមផ្សព្វផ្សាយទៅកាន់មិត្តភក្ដិ និងសហគមន៍»៕

To Top