ស្វាយរៀង ៖ លោកសរ សុដានី អភិបាលរង ខេត្តស្វាយរៀង និងមន្ត្រីជំនាញ ពាក់ព័ន្ធ នៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២៤ បានចុះត្រួតពិនិត្យវឌ្ឍនភាព គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ៧៦៥ម៉ែត្រ ទទឹង ៥ម៉ែត្រ និងកម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលទទួលបាន ហិរញ្ញប្បទានពីមូលនិធី វិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ (ធនធានពីធនាគារ អភិវឌ្ឍន៍អាស៊ី ADB)។

លោកសរ សុដានីអភិបាលរងខេត្តស្វាយរៀងបានឲ្យដឹងថា លទ្ធផលនៃការចុះត្រួតពិនិត្យអំពីវឌ្ឍនភាព និងគាំទ្រ ការអនុវត្តគម្រោងវីនិយោគ របស់រដ្ឋបាលក្រុងស្វាយរៀង នៃខេត្តស្វាយរៀង ក្នុងនោះក្រុមហ៊ុន បានអនុវត្តការងារ គ្រឹះផ្លូវដោយធ្វើការឈូសឆាយដី កាយដីស្អុយចេញ និងចាក់ដី កិនបង្គាប់ដីបន្ថែមដើម្បីឱ្យប្រទាប់ផ្លូវ សមស្របទៅតាមកម្រិតបច្ចេកទេស។
លោកបានបន្តថា បន្ថែមលើសពីនេះ ក្រុមហ៊ុនទទួលការសាងសង់ និងអង្គភាពគ្រប់គ្រងគម្រោងបានធ្វើ DCP test (Dynamic Cone Penetration) ក្នុងមួយទីតាំងធ្វើតេស្ត ចំនួន៣ទៅ៥កន្លែង ជាលទ្ធផលទទួលបាន ក្នុងមួយញញួរស្រុត ត្រឹមតែ១mm-៣mm ដែលក្រោម៨mm ដូច្នេះការធ្វើ DCP test គឺ ស្របតាមស្តង់ដាបច្ចេកទេសកំណត់។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា បញ្ហា ប្រឈមនិងសំណូមពរ ក្រុមហ៊ុនទទួលការ នៅមានការខ្វះចន្លោះ ទៅលើការដាក់របាំង ឬ ដាក់លូដើម្បីហាមឃាត់ការធ្វើចរាចរណ៍ ហួសកម្រិតក្នុងអំឡុងពេលសាងសង។ សំណូមពររបស់រដ្ឋបាលក្រុង ស្នើសុំអង្គភាព គ្រប់គ្រងគម្រោង និង ក្រុមហ៊ុនទទួលការ ជួយពន្លឿនការងារសាងសង់ ឱ្យបានឆាប់រហ័សនិងត្រឹមត្រូវទៅតាមបទដ្ឋាន បច្ចេកទេសផងដែរ ៕
