ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ដឹកនាំគណៈកម្មការអន្ដរក្រសួងចុះត្រួតពិនិត្យ ការស្ថាបនាផ្លូវជនបទ ២ខ្សែ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ

រូបភាពពី៖​ ក្រសួងអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ឧត្ដមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារ ស្ថាបនាឡើងវិញផ្លូវក្រាលក្រួស១ខ្សែ ប្រវែង ៥ ០៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ពានបេតុង១កន្លែង ប្រវែង ១៥ម៉ែត្រ ទទឹង ៩ម៉ែត្រ លូមូលមុខពីរ១កន្លែង ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងទៅ។
ផ្លូវ និងសំណង់សិល្បការ្យ ខាងលើមានទីតាំងតភ្ជាប់ពីភូមិត្រពាំងជ្រៅ ទៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេស និងសោភ័ណ្ឌភាពផ្លូវនេះរួចមក លោក ឆាយ ប្ញទ្ធិសែន បានអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដោយបាននាំយកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ព្រមទាំងបានជម្រាបជូនអំពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការលើកកម្រិតផ្លូវ ដោយប្រែពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងនៅពេលឆាប់ខាងមុខ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់បានយូរអង្វែង និងគ្រប់រដូវកាល ។

បន្ទាប់មកទៀត លោករដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាល កៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែ មានប្រវែង ៦,៨០ គីឡូម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិវល្លិ៍ព្រេង ឃុំតាអែង ទៅកាន់ភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាលទ្ធផលសម្រេចបានប្រមាណ៥៥% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅដំណាច់ខែមិថុនាឆ្នាំ ២០២៤ខាងមុខនេះ ៕

To Top