ព័ត៌មានជាតិ

ក្រុមប្រឹក្សា គណៈគ្រូពេទ្យខេត្តស្វាយរៀង ប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈ វេជ្ជសាស្ត្របន្តលើកទី១១ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ

ស្វាយរៀង ៖ ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ បានប្រារព្ធទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី១១ ដើម្បីពង្រឹង និងបង្កើនវិជ្ជាជីវៈក្រុមគ្រូពេទ្យ ដែលធ្វើឡើង នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តស្វាយរៀង ។

ទិវានេះប្រព្រឹត្តិទៅ ដោយមានការចូលរូមពីសំណាក់ លោកវេជ្ជបណ្ឌិតគុជ សុីថា ប្រធានមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង និងជាប្រធានក្រុមប្រឹក្សា គណៈគ្រូពេទ្យខេត្តស្វាយរៀង ព្រមទាំងលោកអនុប្រធាន មន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធាន ក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង និងលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ដែលមកពីថ្នាក់ជាតិ និងលោក-លោកស្រីវេជ្ជបណ្ឌិត គ្រូពេទ្យ នៅក្នុងខេត្តស្វាយរៀងផងដែរ ។

លោកវេជ្ជបណ្ឌិតចាន់ ដារ៉ា អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តបានថ្លែងថា ការអនុវត្តន៍សេចក្ដីណែនាំ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង ការបណ្តុះបណ្តាលបន្តការប្រតិបត្តិ វិជ្ជាជីវៈសុខាភិបាល របស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តស្វាយរៀង មានបំណងផ្លាស់ប្ដូរបទពិសោទធន៍ ពង្រឹងនូវគុណវុឌ្ឍន៍ ផ្តល់សេវាកម្មវេជ្ជសាស្ត្រ ដែលមានគុណភាព ប្រសិទ្ធភាព ទាំងគុណធម៌ សមធម៌ សេចក្តីថ្លៃថ្នូរវិជ្ជាជីវៈ ដើម្បីធានាបាននូវសុខុមាលភាព ជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចជាទូទាំងប្រទេសកម្ពុជា ។

លោកវេជ្ជបណ្ឌិតគុជ សុីថា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៃរដ្ឋបាលខេត្តស្វាយរៀងបានឲ្យដឹងថា ខេត្តស្វាយរៀងមាន៨ ស្រុក ក្រុង ៨០ឃុំ សង្កាត់ ៦៩០ភូមិ ប្រជាពលរដ្ឋសរុប ៦៦៤,៨៤៩នាក់ មន្ទីរសុខាភិបាលមានប្រធាន១រូប និងអនុប្រធាន៣រូប ការិយាល័យ៤ មានស្រុក ប្រតិបត្តិចំនួន៤,មន្ទីរពេទ្យខេត្ត១,មន្ទីរពេទ្យបង្អែកស្រុក៥ មានគ្រែសរុប៤៧៧ និងមានមណ្ឌលសុខភាព៤៨ ប៉ុស្តិ៍សុខភាព២។ បច្ចុប្បន្នភាពមន្ត្រីសុខាភិបាលកំពុងបម្រើ ការងារសរុប ៨៤០នាក់ (ស្ត្រី៤២០នាក់) ក្នុងនោះមាន បណ្ឌិត អនុបណ្ឌិត២នាក់ វេជ្ជបណ្ឌិតឯកទេស២នាក់ វេជ្ជបណ្ឌិត៧០នាក់ , គ្រូពេទ្យ១៨នាក់, ទន្តបណ្ឌិត៥នាក់, ទន្តពេទ្យ១នាក់, ទន្តគិលានុប្បដ្ឋាក១៣នាក់, ឱសថការី១៤នាក់, ឱសថការីមធ្យម១នាក់ បរិញ្ញាបត្រគិលានុប្បដ្ឋាក២០នាក់, បរិញ្ញាបត្រឆ្មប៩នាក់, គិ.មធ្យម២៤៩នាក់, ឆ្មបមធ្យម១៨៧នាក់, គិ.បឋម១២៩នាក់, ឆ្មបបឋម៥៩នាក់, ពិសោធន៍មធ្យម២៨នាក់, វិទ្យុសាស្ត្រ២នាក់, ព្យាបាលដោយចលនា៦នាក់, គណនេយ្យ៧នាក់, ព័ត៌មានវិទ្យា៤នាក់ បច្ចេកទេសរដ្ឋបាល៨នាក់ និងជំនាញផ្សេងៗ ៦នាក់ ។

ជាមួយគ្នាលោកវេជ្ជបណ្ឌិត គុជ សុីថា បានបន្តថា ចំពោះការងារគណៈគ្រូពេទ្យវិញ មន្ទីរសុខាភិបាលខេត្តបានសហការគ្នាយ៉ាងល្អប្រ សើរជាមួយ និងក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ក្នុងការត្រួតពិនិត្យ តាមដានការ អនុវត្តន៍វិជ្ជាជីវៈ ក៏ដូចជាក្រមសីលធ៌មគ្រូពេទ្យ និងបានសហការចុះពិនិត្យស្រាវជ្រាវ និង ដោះស្រាយរាល់បញ្ហាឬបាតុភាព ដែលបានកើតមាននៅក្នុងខេត្តជាច្រើនលើក។

បន្ថែមលើសពីនេះ លោកជ្ជបណ្ឌិត គុជ សុីថាបានបញ្ជាក់ថា ទិវានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអភិវឌ្ឍសមត្ថភាពចំណេះដឹង និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដើម្បីខិតខំបំពេញការងារផ្តល់សេវា ជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត គោរពបាននូវក្រមសីលធម៍វិជ្ជាជីវៈ និងសាមគ្គីល្អផងដែរ។

ទន្ទឹមនេះ លោកវេជ្ជបណ្ឌិត គុជ សុីថា បានកោតសរសើរចំពោះគ្រូពេទ្យទាំងអស់ នៅទូទាំងខេត្ត ដែលបានយកចិត្តទុកដាក់ ចូលរួមក្នុងការលើកកម្ពស់ ក្រមសីលធម៌វិជ្ជាជីវៈ អនុវត្តន៍បទបញ្ជាផ្ទៃក្នុង ពង្រឹងនូវគុណវុឌ្ឍន៍ នៃវិជ្ជាជីវៈសុខាភិបាលសាធារណៈ និងឯកជន ឲ្យប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព កាត់បន្ថយអត្រាស្លាប់ ពិការភាព និងគ្រោះថ្នាក់ ដោយការប្រើប្រាស់ឱសថផ្សេងៗ និងសេវាកម្មខុសច្បាប់ ឬគ្មានគុណភាពជាបន្តបន្ទាប់ផងដែរ។

សូមបញ្ជាក់ថា នៅក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ បន្តលើកទី១១នេះដែរ ក៏មានការធ្វើបទបង្ហាញពីលោកសាស្ត្រាចារ្យជំនាញ ក៏ដូចជាលោកវេជ្ជបណ្ឌិត ជំនាញ អំពីជំងឺកុមារ និងជំងឺភ្នែក ផ្នែកសង្គ្រោះបន្ទាន់ ហើយក៏បានផ្ដល់ឱកាសឲ្យក្រុម គ្រូពេទ្យឡើងសួរជា ជំនួរពាក់ព័ន្ធទៅនឹងជំងឺកុមារ ជំងឺភ្នែក ផ្នែកសង្គ្រោះបន្ទាន់ ដើម្បីឲ្យវាគ្មិន ដែលជាអ្នកសម្របសម្រួលក្នុងកម្មវិធី ធ្វើការឆ្លើយតបនិងមានការចែក វិញ្ញាបនបត្របញ្ជាក់ការចូលរួម ដល់ក្រុមគ្រូពេទ្យ ដែលជាសមាជិកក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តស្វាយរៀង ព្រមទាំងមានការធ្វើបទបង្ហាញ ពីក្រុមហ៊ុនឱសថមួយចំនួនផងដែរ ៕

To Top