ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចំអកឱ្យមេក្លោងក្រុមប្រឆាំង ដោយដាក់ចេញនូវសំណួរពីរ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានចំអកទៅកាន់មេក្លោងក្រុមប្រឆាំង និង ចោទជាសំនួរចំនួនពីរ ពាក់ព័ន្ធទៅនឹងឥទ្ធិពល នៃការកាន់អំណាច របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ ទោះបីជាមិនបានចំអកចំឈ្មោះក៏គេដឹងដែរថា សម្ដេចតេជោ ហ៊ុន សែន ចង់សំដៅទៅកាន់មេក្លោង នៃក្រុមប្រឆាំង គឺលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស។

តាមរយៈឆេណែលតេលេក្រាម នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា« រឿងគួរឱ្យអស់សំណើចមួយ ថ្ងៃមុនសម្ដេចបានមើល នូវបទសម្ភាសមួយដែលមានទាំងបណ្ឌិត សេង សារី ចូលរួមផង ហើយក្នុងនោះ បុរសម្នាក់ដែលតាំងខ្លួនជាអ្នកចេះជាងគេ ដែលសម្ដេចធ្លាប់ ប្រើក្បាល ឱ្យជួយកែរដ្ឋធម្មនុញ្ញពី២/៣ មក៥០បូក១ នៅឆ្នាំ២០០៦ បាននិយាយថា ហ៊ុន ម៉ាណែត អត់ចេះអីទេ អ្វីៗឪពុកនៅបញ្ជាដឹក នាំទាំងអស់ ប៉ុន្តែជីវិតមនុស្សគ្មានអ្វីអមតៈទេ អត់ពី ហ៊ុន សែន ទៅ ហ៊ុន ម៉ាណែត និងចប់ដែរ ឯឱកាសរបស់អ្នកប្រឆាំងក៏មកដល់ដែរ Sic!(សង្ខេបចំណុចដែលគេចង់និយាយ)»។

សម្ដេចថា មិនចង់ឆ្លើយតបជាមួយសមត្ថភាព ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនោះទេ ព្រោះប្រជាជនកម្ពុជា បានស្គាល់រួចមកហើយ តែសម្ដេចសួរទៅជន ដែលតែងនិយាយ ជាន់កែងខ្លួនឯងនេះនូវសំនួរពីរដូចខាងក្រោម៖

១. អំណាច ហ៊ុន ម៉ាណែត ផ្អែកលើអំណាចរបស់ ហ៊ុន សែន បើ ហ៊ុន សែន ស្លាប់ ហ៊ុន ម៉ាណែត នឹងចប់ ។ សំនួរសួរថា ចុះបើ ហ៊ុន សែន នៅរស់២០ទៅ៣០ឆ្នាំទៀត តើក្រុមប្រឆាំងវាទៅជ្រកនៅទីណា?

២. អ្នកដែលនិយាយថា ហ៊ុន សែន មិនមែនមានជីវិតអមតៈទេ ម្នាក់នេះមានអាយុច្រើនជាង ហ៊ុន សែន ។ សំនួរសួរថា ពេល ហ៊ុន សែន កើនអាយុ តើលោកមិនកើនអាយុទេអី? ឆ្លើយជួសទៅចុះកើនដូចគ្នា នឹងអាចងាប់មុន ហ៊ុន សែន ។
ចង់បញ្ជូនចំណុចទាំងនេះ ទៅកាន់បងប្អូនទាំងគាំទ្រ ទាំងប្រឆាំង ពិចារណានាចុងសប្តាហ៍៕

To Top