ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងរៀបចំប្រឡងបកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការ លើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌»

ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរទិវាជាតិអំណាន លើកទី៩ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត» ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំឲ្យមានការប្រឡងប្រជែង បកស្រាយប្រធានបទ «តួនាទីព្រះពុទ្ធសាសនាក្នុងការលើកកម្ពស់ការអប់រំសីលធម៌ និងចរិយាធម៌» ជ្រើសរើសជ័យលាភី ចំនួន ៣រូប។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា លក្ខខណ្ឌនៃការជ្រើសរើស អាចចូលរួមប្រឡងប្រជែងដូចជា មន្ត្រីអប់រំ គ្រូបង្រៀន គរុនិស្សិត គរុសិស្ស សិស្ស និស្សិត និងសាធារណជនទូទៅ។ ក្នុងនោះ បេក្ខជនត្រូវសរសេរការស្រាយប្រធានបទចំនួនពី១៥ទំព័រ ទៅ២០ទំព័រ ដោយកុំព្យូទ័រ ប្រើពុម្ពអក្សរ Khmer OS Moul light 12 (សម្រាប់ចំណងជើងនិងចំណងជើងរង) និង Khmer OS Siemreap ទំហំអក្សរ ១២ (សម្រាប់អត្ថបទ)

ចំពោះកាលបរិច្ឆេទឈប់ទទួលស្នាដៃ ត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជាកំហិត ។ បេក្ខជនអាចទំនាក់ទំនងផ្ញើស្នាដៃ តាមរយៈតេឡេក្រាម 010 22 07 88 និងសួរព័ត៌មានបន្ថែមតាមរយៈលេខទូរសព្ទ 011 22 88 521 ៕

To Top