ព័ត៌មានជាតិ

សម្ដេចតេជោ ៖ សុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាគោលដៅអាទិភាពរបស់កម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថា ការបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម គឺជាគោលដៅអាទិភាពរបស់កម្ពុជា ។

ការបញ្ជាក់របស់សម្ដេចតេជោ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យ លោកស្រីបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ(UN–ESCAP) ចូលជួបពិភាក្សាការងារ នាថ្ងៃទី២២ មករា ។

លោកស្រីបានថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះសម្ដេចតេជោ លើកិច្ចសហប្រតិបត្តិការ របស់កម្ពុជាជាមួយ ESCAP ហើយក៏បានវាយតម្លៃខ្ពស់ ចំពោះគណៈកម្មាធិការជាតិ ESCAP ដែលដឹកនាំដោយលោក លី ធុច ដោយបានធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងល្អជាមួយនឹង ESCAP របស់អង្គការសហប្រជាជាតិ គ្នាពេលកន្លងមក ។

លោកស្រីបានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើនលើកគ្រប់វិស័យ ជាពិសេសលើផ្នែកសេដ្ឋកិច្ចសង្គមចាប់ពីឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឲ្យសេដ្ឋកិច្ចសង្គមរបស់កម្ពុជាមានការរីកចម្រើនលើកគ្រប់វិស័យ និងធ្វើឲ្យកិច្ចសហប្រតិបត្តិការ រវាងអេស្កែបជាមួយនិងកម្ពុជា នៅក្នុងតំបន់ ជាមួយនឹងពិភពលោក កាន់តែមានការរីកចម្រើនបន្តថែមទៀត។ លោកស្រីបានស្នើសុំសម្ដេចតេជោ បង្ហាញអំពីចក្ខុវិស័យជាអាទិភាពមួយចំនួន លើបញ្ហាតំបន់និងអន្តរជាតិ ទាក់ទងជាមួយនឹងកិច្ចសហប្រតិបត្តិការរបស់ESCAP ទៅថ្ងៃអនាគត។

ជាការឆ្លើយតប សម្ដេចតេជោគូសបញ្ជាក់ថា វិបត្តិកូវីដ-19 បានធ្វើឲ្យកម្ពុជាជួបការលំបាក ក៏ដូចជាតំបន់មានការលំបាក ប៉ុន្តែក្រោយកូវីដ បានស្ដារប្រទេសឡើងវិញជាបណ្ដើរៗ ។ ស្របពេលជាមួយនេះ ផលលំបាកក្នុងតំបន់ក៏កើតចេញអំពីការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ និងសង្គ្រាមនៅតាមតំបន់មួយចំនួន ហើយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានផលប៉ះពាល់យ៉ាងខ្លាំងអំពីការប្រកួតប្រជែងនៃភូមិសាស្ត្រនយោបាយ ជាពិសេសគឺបញ្ហាស្មុគស្មាញដែលកើតឡើងពីការរត់ប្រណាំងគ្នា ខាងផ្នែកសព្វាវុធ បញ្ហាសមុត្រចិនខាងត្បូង បញ្ហាតៃវ៉ាន់ និងបញ្ហាឧបទ្វីបកូរ៉េជាដើម។

ចំពោះកម្ពុជាគោលដៅអនាគត សម្ដេចតេជោ បានគូបញ្ជាក់ពីចំណុចអាទិភាពចំនួនពីរសំខាន់ គឺកម្ពុជាបន្តរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងកម្ពុជាផ្ដោតការយកចិត្តទុកដាក់លើការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយធ្វើយ៉ាងណា ដើម្បីឲ្យមានការអភិវឌ្ឍដោយចីរភាព និងសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាជន ។

អគ្គលេខាធិការរង UN បានថ្លែងអំណរគុណដល់ សម្ដេចតេជោ ចំពោះទស្សនៈទានល្អៗ អំពីការប្រឈមនៃភូមិសាស្ត្រនយោបាយ ដែលប៉ះពាល់ដល់តំបន់ ហើយក៏បានអរគុណសម្ដេចតេជោដែលបានទៅគាំទ្រ ESCAP នាពេលកន្លងមក ហើយលោកស្រី ក៏បានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក៏ដូចជានៅក្នុងតំបន់ នៃកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចសង្គម បន្តទៅទៀត ៕

To Top