ព័ត៌មានជាតិ

សម្ដេចធិបតី បញ្ជាក់ជាថ្មីថា ការកសាងសមត្ថភាព​ កងទ័ពជើងទឹក-គោក-អាកាស មិនមែនទៅបង្កើត សង្គ្រាមជាមួយអ្នកណាទេ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់សារជាថ្មីថា ការកសាងសមត្ថភាព របស់កងទ័ពជើងទឹក ជើងគោក និងជើងអាកាសរបស់កម្ពុជា ដើម្បីការពារជាតិកម្ពុជាប៉ុណ្ណោះ មិនមែនទៅបង្កើតសង្គ្រាម ជាមួយអ្នកណានោះទេ។

នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៤ មករា នេះ សម្ដេចធិបតីថ្លែងថា រឿងសមុទ្ររាម កម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋាន កងទ័ពបរទេសនៅលើឡើយ ហើយកងទ័ពកម្ពុជា ក៏គ្មានមូលដ្ឋាននៅលើដែនដីប្រទេសណាមួយដែរ លើកលែងតែកងកម្លាំងចូលរួមរក្សាសន្ដិភាពក្រោមឆត្រ នៃអង្គការសហប្រជាជាតិ (UN) តែប៉ុណ្ណោះ»។

សម្ដេចធិបតីមានប្រសាសន៍ថា «ខ្ញុំ សូមបញ្ជាក់ម្ដងទៀត ការលើកឡើងក្នុងកាសែត រឿងសមុទ្រកម្ពុជា រដ្ឋធម្មនុញ្ញរបស់យើងមាត្រាទី៥៣ បានបញ្ជាក់ច្បាស់ណាស់ កម្ពុជាមិនមានអនុញ្ញាតឲ្យមូលដ្ឋាន កងទ័ពបរទេស នៅលើទឹកដីរបស់ខ្លួន ហើយក៏មិនមានមូលដ្ឋានកងទ័ពរបស់ខ្លួន ទៅលើទឹកដីផ្សេងទៀត លើកលែងតែក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ ខ្ញុំបានបញ្ជាក់ករណីនេះ នៅអង្គការសហប្រជាជាតិរួចទៅហើយ ។ សម្ដេចតេជោ-សម្ដេចពិជ័យសេនា ថ្នាក់ដឹកនាំជាតិរបស់យើង ក៏បានបញ្ជាក់ជាប្រចាំហើយ»។

សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា «ខ្ញុំ សូមបញ្ជាក់សារជាថ្មី ការកសាងសមត្ថភាពរបស់កងទ័ពជើងទឹក ជើងគោក ជើងអាកាសរបស់កម្ពុជា គឺដើម្បីការពារជាតិកម្ពុជា តែប៉ុណ្ណោះ មិនមែនសម្រាប់ទៅដើម្បីបង្កើតសង្គ្រាមជាមួយអ្នកណានោះទេ»៕

To Top