ព័ត៌មានជាតិ

សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា ការអភិវឌ្ឍមូលដ្ឋាន ទ័ពជើងទឹករាម មិនមែនសម្រាប់បង្កើត សង្គ្រាមនោះទេ

ភ្នំពេញ ៖ សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថាការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម គឺដើម្បីពង្រឹងសមត្ថភាព ការពារជាតិ មិនមែនសម្រាប់បង្កើតសង្រ្គាម ជាមួយប្រទេសណានោះទេ ខណៈរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋាន កងទ័ពបរទេស នៅលើទឹកដីរបស់ខ្លួននោះឡើយ ។

ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋាន កងទ័ពបរទេសនៅលើទឹកដី របស់ខ្លួននោះទេ ហើយកម្ពុជា ក៏មិនមានមូលដ្ឋានកងទ័ព នៅលើទឹកដីបរទេសនោះដែរ លើកលែងករណីបំពេញ បេសកកម្ម នៅក្រោមឆត្រអង្គការសហប្រជាជាតិ ។

សម្ដេចធិបតីនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា «ការងារនេះខ្ញុំសូមបញ្ជាក់ម្ដងទៀត ការលើកឡើងនៅក្នុងកាសែតជាញយៗ រឿងសមុទ្ររាម ។ កម្ពុជា រដ្ឋធម្មនុញ្ញរបស់យើងមាត្រា៥៣ បានបញ្ជាក់ច្បាស់ណាស់ កម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីខ្លួន ហើយក៏មិនមានមូលដ្ឋានកងទ័ពរបស់ខ្លួននៅលើទឹកដីផ្សេងទៀត លើកលែងតែនៅក្រោមឆ័ត្រ អង្គការសហប្រជាជាតិ ។
ខ្ញុំបានបញ្ជាក់ករណីនេះ នៅអង្គការសហប្រជាជាតិរួចទៅហើយ, សម្ដេចតេជោ, សម្ដេចពិជ័យសេនា ថ្នាក់ដឹកនាំជាតិ របស់យើង ក៏បានបញ្ជាក់ជាប្រចាំ ទៅហើយ ហើយ ខ្ញុំសូមបញ្ជាក់សារជាថ្មី ការកសាងសមត្ថភាព របស់កងទ័ពជើងទឹក ជើងគោក ជើងអាកាសរបស់កម្ពុជា គឺដើម្បីការពារជាតិកម្ពុជាតែប៉ុណ្ណោះ មិនមែនសម្រាប់បង្កើត សង្គ្រាមជាមួយអ្នកណានោះទេ»។

ជាងនេះទៅទៀត សម្តេចធិបតី នាយឧត្តមសេនីយ៍ អះអាងថា កម្ពុជាគ្មានមហិច្ឆតារំលោភ ឈ្លានពានប្រទេសណានោះទេ កម្ពុជាពង្រឹង សមត្ថភាពកាពារជាតិ របស់ខ្លួន ជាសិទ្ធិរបស់កម្ពុជា ដូចប្រទេសទាំងអស់នៅលើពិភពលោក គ្មានប្រទេសណាមួយ ដែលមានច្បាប់ហាមឃាត់ មិនឱ្យធ្វើទំនើបកម្មវិស័យការពារជាតិ របស់ខ្លួននោះទេ ។

សម្ដេចធិបតីនាយឧត្តមសេនីយ៍ ថ្លែងបន្ថែមថា ការពង្រឹងសមត្ថភាពរបស់កងទ័ពកម្ពុជា គឺដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពទាំងក្នុងក្របខណ្ឌកម្ពុជាផ្ទាល់ និងក្របខណ្ឌតំបន់ ។ ជាក់ស្ដែងកងទ័ពមួកខៀវរបស់កម្ពុជា បានបញ្ជូនទៅបំពេញបេសកកម្មថែរក្សាសន្តិភាព ក៏ដូចជាបម្រើសកម្មភាពដោះមីន ក្រោមឆត្រអង្គការសហប្រជាជាតិជាដើម ៕

To Top