ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ អំពាវនាវ អោយប្រជាកសិករ គោរពតាមកាលវិភាគ របស់មន្ទីរធនធានទឹក ក្នុងការផ្គត់ផ្គង់ទឹក ធ្វើស្រែប្រាំង

ពោធិ៍សាត់: នៅព្រឹកថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៤ លោក ឡាយ វិសិដ្ឋ អភិបាលរងខេត្ត តំណាងអោយលោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការផ្គត់ផ្គង់បែងចែកទឹក សម្រាប់ប្រជាកសិករធ្វើស្រែប្រាំង ជំហ៊ាន២ របស់ប្រជាកសិករ នៅតាមបណ្តាស្រុក/ក្រុង ទាំង៥គឺក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកភ្នំក្រវាញ និង ស្រុកតាលោសែនជ័យ ដែលកំពុងកង្វះខាតទឹក ដើម្បីស្រោចស្រប់ដំណាំស្រូវ ប្រាំងរបស់ប្រជាកសិករ។

នៅក្នុងកិច្ចប្រជុំពិភាក្សានោះ បានរៀបចំធ្វើឡើង នៅសាលប្រជុំ នៃ មន្ទីរធនធានទឹក និង ឧតុនិយមខេត្តដោយ មានការអញ្ជើញ ចូលរួម ពីសំណាក់លោកមេឃុំ/ចៅសង្កាត់ លោកអភិបាលក្រុង/ស្រុកទាំង ៥ និង មន្ត្រីពាក់ព័ន្ធមួយ ចំនួនទៀតផងដែរ ។

លោកឡាយ វិសិដ្ឋ អភិបាលរងខេត្ត បានមានប្រសាសន៍ថា នៅចំពោះមុខនេះ យើងត្រូវសង្គ្រោះ ដំណាំស្រូវប្រាំង របស់ប្រជាពលរដ្ឋ ដែលកំពុងកង្វះខាតទឹក ប្រមាណជា ១៨ ០០០  ហិចតាក្នុងក្រុង /ស្រុកទាំង ៥ ខាងលើដែលកំពុង ត្រូវការទឹកប្រមាណជា ៣០ ទៅ ៥០ មុឺនម៉ែត្រគូប ក្នុងការសង្រ្គោះដំណាំស្រូវប្រាំង ។ ដើម្បីធានាអោយបាននូវការផ្គត់ផ្គង់ទឹកអោយមាននិរន្តភាព និង តម្លាភាព តាមការណែនាំរបស់លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ សូមអោយ លោកមេឃុំ/ចៅសង្កាត់ និង លោកអភិបាល ក្រុង/ស្រុក ត្រួវផ្សព្វផ្សាយដល់ ប្រជាកសិករ អោយចូល រួមអនុវត្តន៍តាមកាលវិភាគរបស់មន្ទីរធនធានទឹក និង ឧតុនិយមដែលធ្វើការ បែងចែកទឹក តាមដំណាក់កាលមានរយះពេលពី ៤ ទៅ ៥ ថ្ងៃទៅតាមតំបន់នីមួយៗ ។

លោកអភិបាលរងខេត្ត ក៍បានមានប្រសាសន៍បន្តថា នាពេលខាងមុខនេះសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានផ្តល់គម្រោងសាងសង់ទំនប់ស្ទាក់ទឹកទី ២ នៅចំនុចក្បាលហុង ខាងក្រោមកោះសំពៅមាសដែលអាចស្រោចស្រប់ដំណាំកសិកម្ម របស់ប្រជាពលរដ្ឋបានចំនួន ៣ ស្រុក/ក្រុងគឺក្រុងពោធិ៍សាត់ ស្រុកក្រគរ និង ស្រុកបាកាន ។

ជាមួយគ្នានោះ លោកឡាយ វិសិដ្ឋ អភិបាលរង ខេត្ត ក៍បានណែនាំ ទៅអាជ្ញាធរឃុំ/សង្កាត់ និង រដ្ឋបាលក្រុង/ស្រុក ត្រូវផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋ ប្រជាកសិករអោយបញ្ចប់ការធ្វើស្រែប្រាំង នៅមុនថ្ងៃទី ១៥ ខែ កុម្ភះ ជារៀងរាល់ឆ្នាំ ៕

To Top