ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំកិច្ចដុំបូកសរុបការងារ ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់សាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម

កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានកិត្តិយស សាខាសមាគម សិស្សនិស្សិត បញ្ញាវន្តក្មេងវត្តខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុប សកម្មភាពការងារ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់សាខាសមាគម នៅសល់ប្រជុំសាលាខេត្តកំពង់ចាម ។

បើតាមប្រធានសាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្តខេត្តកំពង់ចាម លោក សំ ពិសិដ្ឋ បានឱ្យដឹងថា សមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ជាអង្គការមហាជនមួយ ក្នុងចំណោមអង្គការមហាជនដទៃទៀត ដែលត្រូវបានចាប់បដិសន្ធិឡើងនៅក្នុងអំឡុងឆ្នាំ១៩៩៩ ក្រោមការផ្តួចផ្តើម និងជួយជ្រោមជ្រែងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ការបង្កើតនូវសមាគមនេះឡើង ក្នុងគោលបំណងចងបាច់ឆន្ទៈ មនសិការជាធ្លុងមួយ លើកកម្ពស់សាមគ្គីភាព សង្គហភាព សមត្ថភាព និងសក្តានុពលរបស់សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត, លើកស្ទួយតម្លៃព្រះពុទ្ធសាសនា, លើកស្ទួយតម្លៃវប្បធម៌ អក្សរសាស្ត្រជាតិ, ចូលរួមការពារសន្តិភាព និងចូលរួមអភិវឌ្ឍសង្គមជាមួយរាជរដ្ឋាភិបាល។

លោក អ៊ុន ចាន់ដា បានឲ្យដឹងផងដែរថា សាខាសមាគម សិស្សនិស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម ថ្វីត្បិតតែទើបបង្កើតឡើងបានជាងបីឆ្នាំក៏ពិតមែន ប៉ុន្តែសាខាសមាគមមួយនេះ បាននឹងកំពុងធ្វើសកម្មភាពមនុស្សធម៌ជាច្រើននៅតាមមូលដ្ឋាន ដែលជាការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រជាមួយរដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលកម្ពុជា។

លោក អ៊ុន ចាន់ដា បានយកឱកាសនោះសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់បងប្អូន ដែលបាន ចូលរួមធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ដោយបានចំណាយទាំងកម្លាំងកាយ ប្រាជ្ញាស្មារតី ធនធាន សម្ភារៈ ថវិកា ពេលវេលា សម្រេចបាននូវសកម្មភាពជាច្រើនសម្រាប់ឆ្នាំ២០២៣ កន្លងមក។

ជាមួយនឹងការដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត លោក អ៊ុន ចាន់ដា បានធ្វើការផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំសាខាសមាគមទាំងអស់ដូចខាងក្រោម៖

ទី១ ៖.បន្តពង្រឹង និងពង្រីក រចនាសម្ព័ន្ធចាត់តាំងឱ្យកាន់តែល្អប្រសើរ តាំងពីថ្នាក់ខេត្តរហូតដល់ថ្នាក់ក្រុង-ស្រុក

ទី២ ៖.បន្តធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គម ពិសេសនៅតាមបណ្តាវត្តអារាម

ទី៣ ៖.សូមធ្វើការទំនាក់ទំនងសហការល្អជាមួយអង្គការសមាគមដទៃទៀតដូចជា៖ ក្រុមការងារយុវជនសសយក សមាគមនារី យុវជនស្រលាញ់សន្តិភាព ព្រះមេគណ ព្រះគ្រូ-អនុគណក្រុង/ស្រុក ព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ និងអាជ្ញាធរមូលដ្ឋាន

ទី៤ ៖.សូមបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំល្អប្រសើរថែមទៀត៕

To Top