ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ព្រមានដកតំណែងអភិបាលខេត្ត ជាប់បឹងទន្លេសាប ដែលបណ្ដោយឱ្យមាន ការទន្ទ្រានដី នៅតំបន់៣

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យអភិបាលខេត្តទាំង៦ ដែលជាប់បឹងទន្លេសាប ត្រូវទប់ស្កាត់ឱ្យបាន នូវការទន្ទ្រានដីនៅតំបន់៣ ខណៈសម្ដេចមិនចង់ប្រើអំណាចចុងប៉ិចទេ។

ក្នុងឱកាសអញ្ជើញ បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំ ដល់អាជ្ញាធរមានសមត្ថកិច្ចថា ការការពារដីអភិរក្សតំបន់បឹងទន្លេសាប ពិសេសនៅតំបន់ ៣ គឺត្រូវអនុវត្តឲ្យបានម៉ត់ចត់ ហើយសម្ដេចមិនចង់ប្រើអភិក្រមទី ៥ គឺវះកាត់នោះទេ។

សម្ដេចធិបតី គូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា អភិក្រម៤ នឹងត្រូវបានប្រើ អភិក្រមទាំង៥ ខ្ញុំមិនចង់ប្រើអំណាចចុងប៉ិចទេ តែបើបង្ខំខ្ញុំ ខ្ញុំត្រូវតែប្រើហើយ ការទទួលខុសត្រូវ ដឹកនាំរដ្ឋបាល បើគ្មានវិន័យក្នុងរដ្ឋបាលធ្វើការងារអី មិនចេញទេ ខ្ញុំនិយាយឲ្យច្បាស់ចឹងម៉ង ខ្ញុំអត់សូវចេះមាត់ទេ ប៉ុនដៃខ្ញុំចេះស៊ីញ៉េ»។

លើសពីនេះ សម្ដេចធិបតី ក៏បានដាក់បទបញ្ជាឲ្យអភិបាលខេត្តទាំង ៦ ជុំវិញបឹងទន្លេសាប ត្រូវមានភារកិច្ចដឹកនាំរួម ក្នុងការការពារដីអភិរក្សតំបន់បឹងទន្លេសាប ជាពិសេសនៅតំបន់ ៣។ ចំណែកអ្នកដែលចង់បាន ដីនៅតំបន់អភិរក្សទាំងនោះ ត្រូវដកខ្លួនចេញជាបន្ទាន់ មុននឹងត្រូវអនុវត្តច្បាប់។

សម្ដេច នាយករដ្ឋមន្ដ្រី គូសបញ្ជាក់បន្ថែមថា «ចឹងខ្ញុំសង្ឃឹមថា បងប្អូនដែលចាប់អារម្មណ៍ទៅលើដី កន្លែងតំបន់ ៣នោះ សូមម្ចាស់ការដកថយ មុននឹងត្រូវការអនុវត្តច្បាប់ ព្រោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គឺត្រូវធ្វើឲ្យបាន ត្រូវការពារឲ្យបាន។ ចឹងឯកឧត្ដមទាំង ៦ខេត្ត សន្យាជាមួយខ្ញុំចូលរួម ដើម្បីអនុវត្តទប់ស្កាត់ការទន្ទ្រានតំបន់ ៣នេះឲ្យបាន»៕

To Top