ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាដាច់ខាត ត្រូវតែធានាឲ្យបានសន្តិសុខ សណ្តាប់ធ្នាប់នៅខេត្តព្រះសីហនុ

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យអាជ្ញាធរខេត្តព្រះសីហនុ ត្រូវគិតគូរឲ្យបានខ្ពស់ លើបញ្ហាសន្តិសុខ ព្រោះបើគ្មានសន្តិសុខទៅមិនរួចទេ ខណៈសន្តិសុខជាកត្តាចំបង សម្រាប់តំបន់ទេសចរណ៍ដាច់ខាតត្រូវតែធ្វើឲ្យបាន ធានាឲ្យបានខេត្តព្រះសីហនុមានសន្តិសុខ និងសណ្តាប់ធ្នាប់ ។

ក្នុងឱកាសអញ្ជើញប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ “កម្មវិធីពិសេស ជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” សម្តេចធិបតីមានប្រសាសន៍ថា “ពីមុនអត់ដែលស្គាល់កោះសង្សារ កោះតាកោះយាយទេ ឥឡូវគេស្គាល់ទាំងអស់ មានកោះអូន កោះបង កន្លែងណាក៏ទៅជាសក្តានុពលធំៗ ប៉ុន្តែដើម្បីធានានូវចីរភាព និងការបន្តរីកលូតលាស់នៅក្នុងខេត្ត ដើម្បីឲ្យសេដ្ឋកិច្ចមានសក្តានុពល និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងបានកើនឡើងខ្ពស់ ទៅតាមលក្ខណៈទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន ក៏ដូចជាការអនុវត្តនូវកម្មវិធីគោនយោបាយយើងបានទទួលផល កត្តាមួយដែលត្រូវគិតគូរគឺរឿងសន្តិសុខ បើគ្មានសន្តិសុខ ទៅមិនរួចទេ ។ ខ្ញុំនិយាយចឹងតែម្តងទៅ ទៅបានតែទៅមិនឆ្ងាយទេ ។ សន្តិសុខ គឺជាកត្តាចំបង សម្រាប់តំបន់ទេសចរណ៍ តំបន់ឧស្សាហកម្មផ្សេងៗ ។ ការងារសន្តិសុខនេះ ដាច់ខាតត្រូវតែធ្វើឲ្យបាន ធានាឲ្យបានខេត្តព្រះសីហនុ ធានានូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម”

ការលើកឡើងរបស់សម្តេចពាក់ព័ន្ធសន្តិសុខនេះ ដោយសារកន្លងមក មានបណ្តាញព័ត៌មានអន្តរជាតិបានចេញផ្សាយមិនល្អពីខេត្តព្រះសីហនុទាំងមូល ។ សម្តេចនាយករដ្ឋមន្ត្រីរំលឹកថា “កន្លងទៅជាអកុសល យើងមានព័ត៌មានចំនួនដែលបានផ្សព្វផ្សាយថ្មីៗនេះ នៅតាមបណ្តាញសារព័ត៌មានអន្តរជាតិ តែមិនឆ្លើយតប ឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនៅលើដីទេ ប៉ុន្តែព័ត៌មាននេះបានធ្វើឲ្យប៉ះពាល់ទៅដល់កិត្យានុភាពរបស់កម្ពុជា រូបភាពរបស់កម្ពុជា ហើយជាពិសេសខេត្តព្រះសីហនុតែម្តង ។ កិច្ចការងារនេះ ក្រសួងទេសចរណ៍ ក៏ដូចជារាជរដ្ឋាភិបាលយើងបានដាក់ចេញនូវគោលការណ៍ជាច្រើន និងបានធ្វើការជាមួយបណ្តាសារព័ត៌មាន ក៏ដូចជាយន្តការជាច្រើន ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយប្រទេសយើងឲ្យគេយល់”

ក្នុងនោះសម្តេចធិបតីលើកឡើងថា “ពិតណាស់បញ្ហាសន្តិសុខ គ្មានប្រទេសណាមួយអត់ទេ ហើយកម្ពុជាក៏មិនមែនអត់មានដែរ ដែលថាបញ្ហាអសកម្មឬមួយក៏រឿង ចោរលួច ចោរប្លន់ ប៉ុន្តែអ្វីដែលបង្ហាញនូវលើកញ្ចក់ទូរទស្សន៍ នៅខាងក្រៅប្រទេស គឺវាមិនឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។ កម្ពុជា គឺជាប្រទេសមួយដែលមានសន្តិសុខនៅគ្រប់តំបន់ទាំងអស់ ។ ខ្ញុំមិននិយាយប្រទេសណាទេ ប្រទេសខ្លះ ប្រទេសមហាអំណាចផង គ្រាន់តែទៅហ្នឹង បើថាចោរឆក់ច្រើនជាងនៅភ្នំពេញទៅទៀត”

ដូច្នេះសម្តេចគូសបញ្ជាក់ទៀតថា ត្រូវយ៉ាងណាដើម្បីឲ្យស្ថានភាពជាក់ស្តែងនេះ បានជ្រួតជ្រាប និងលុបលាងនូវអ្វីដែលជាការយល់ច្រឡំរបស់មតិសាធារណៈមកលើខេត្តព្រះសីហនុ៕

To Top