ព័ត៌មានជាតិ

សិក្ខាកាម មកពីគ្រួសារក្រីក្រ ៖ រៀនមានជំនាញផ្ទាល់ខ្លួន ប្រសើរជាងដើរ ស៊ីឈ្នួលគេ!

ភ្នំពេញ៖“រៀនមានជំនាញផ្ទាល់ខ្លួន ប្រសើរជាងដើរស៊ីឈ្នួលគេ” នេះជាពាក្យសម្តីរបស់យុវជនមួយរូប ដែលជាសិក្ខាកាម កំពុងរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេស ភូមិភាគតេជោសែនឦសាន ស្ថិតក្នុងខេត្តកំពត ។

លោក ធឹង ណារ៉ូ ជាយុវជនមួយរូប ដែលបានបោះបង់ចោលការសិក្សា ដោយសារតែគ្រួសារក្រីក្រ មិនមានលទ្ធភាពសម្រាប់សិក្សាបន្ត។ បច្ចុប្បន្ន ណារ៉ូ បានចូលរួម«កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលត្រូវបានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសឱ្យអនុវត្តកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ យុវជន ធឹង ណារ៉ូ បានចាប់យកមុខជំនាញបច្ចេកទេសលើសេវាកម្មបរិក្ខាត្រជាក់ ហើយបច្ចុប្បន្នរូបគេ ក៏កំពុងសិក្សាយ៉ាងយកចិត្តទុកដាក់ផងដែរ ។ យុវជនរូបនេះបានបន្តថា ការសិក្សាជំនាញបច្ចេកទេសនេះ មិនត្រឹមតែមិនបង់ថ្លៃ សិក្សានោះទេ ថែមទាំងទទួលបានប្រាក់ ឧបត្ថម្ភត្រឡប់មកវិញទៀត ។ ក្រៅពីនេះលោកគ្រូអ្នកគ្រូ ក៏មានការយកចិត្តទុកដាក់លើការបង្រៀនផងដែរ។

គួរបញ្ជាក់ថា ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ជាថ្ងៃបើកបវេសនកាលផ្លូវការនៃវគ្គទី១ទូទាំងប្រទេស ចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន១.៥លាននាក់។ ក្នុងវគ្គទី១នេះ មានសិក្ខាកាមចំនួន ១៥ ០០០នាក់ ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសិក្សាពីគ្រូជំនាញ និងរក្សានូវគោលការណ៍ «ឱ្យចេះ ឱ្យចប់ ឱ្យមានការងារ» ដើម្បីអនុវត្តអំឡុងពេលសិក្សាជាប់ជាប្រចាំ ៕

To Top