ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំគ្រប់ភាគីពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួល អាកាសធាតុអាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះ អូសបន្លាយពេលយូរ ។
តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតី បានថ្លែងអំណរគុណ ដល់អាជ្ញាធរ ពាក់ព័ន្ធដែលបានខិតខំអន្ដរាគមន៍ទាន់ពេលវេលា ក្នុងការដោះស្រាយបញ្ហា ដែលពលរដ្ឋក្នុងតំបន់ មួយចំនួនខ្វះទឹកធ្វើស្រែប្រាំង ដោយសារឆ្នាំនេះស្រូវឡើងថ្លៃហើយ កសិករសម្រុកធ្វើស្រែប្រាំងលើសផែនការ។
សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រៀមលក្ខណៈដោះស្រាយបញ្ហាទឹក ពីព្រោះការប្រែប្រួលអាកាសធាតុ អាចធ្វើឱ្យរដូវប្រាំងឆ្នាំនេះអូសបន្លាយពេលយូរ។
សម្តេចធិបតី ក៏បានណែនាំ ឱ្យពិនិត្យ និងស្ដារប្រព័ន្ធធារាសាស្ត្រ តាមគ្រប់លទ្ធភាពដែលមាន ៕
