ភ្នំពេញ ៖ សំដៅដល់បុគ្គលមួយចំនួន ដែលតែងតែចោទប្រកាន់ មកលើរាជរដ្ឋាភិបាលកម្ពុជាថា ធ្វើទុក្ខបុកម្នេញទៅដល់សកម្មជន ប្រឆាំងនៅក្រៅប្រទេស មានចាប់ចងជាដើមនោះ លោកប៉ែន បូណា អ្នកនាំពាក្យ រាជរដ្ឋាភិបាល បានឆ្លើយតបទៅវិញថា ជាធម្មតាអ្នករត់គេចខ្លួន ចេញពីកម្ពុជា ទៅរស់នៅប្រទេស ជិតខាងកម្ពុជា ដើម្បីបានទៅរស់នៅប្រទេសទី៣នោះ សុទ្ធតែអ្នកមានទោស ដូច្នេះពួកគេរស់នៅដោយខុសច្បាប់ លើទឹករបស់គេ ហើយមានការចាប់ខ្លួន ពីសំណាក់អាជ្ញាធរគេនោះជារឿងធម្មតាទេ គ្មានអ្វីទាក់ទងជាមួយរាជរដ្ឋាភិបាលកម្ពុជាឡើយ ។
ការលើកឡើងរបស់លោក ប៉ែន បូណានេះ បន្ទាប់ពីមានមតិប្រឆាំង មួយចំនួនចោទប្រកាន់ថា ការចាប់ខ្លួនសកម្មជន បក្សប្រឆាំងខ្មែរ៣នាក់ ដែលកំពុងស្នាក់នៅប្រទេសថៃ ដែលមានឈ្មោះ គង់ រ៉ៃយ៉ា និង យុវជន២នាក់ទៀត មានការពាក់ព័ន្ធ ជាមួយរាជរដ្ឋាភិបាល ដើម្បីជាការទប់ស្កាត់ការ ធ្វើបាតុកម្មប្រឆាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងឱកាសសម្តេចធ្វើដំណើរទស្សនកិច្ច ជាផ្លូវការ នៅថៃ នាថ្ងៃ៧ កុម្ភៈខាងមុខ ។
ចំពោះករណីនេះ ត្រូវបានលោក ប៉ែន បូណា បដិសេធថា គ្មានមូលដ្ឋានការពិតទេ ដោយលោកបានលើកអំណះអំណាង ២យ៉ាងមកពន្យល់ ដល់អ្នកចោទទាំងនោះថា “ទី១-នៅពេលដែលយើងទៅ នៅប្រទេសគេ(ថៃ) ប្រទេសគេមានច្បាប់ នៅពេលយើងទៅនៅប្រទេសគេខុសច្បាប់ ឬក៏ទៅនៅប្រទេស គេហើយ ប្រព្រឹត្តខុសច្បាប់អ្វីមួយ នៅលើទឹកដីរបស់គេ អាជ្ញាធររបស់គេច្បាស់ ជាចាត់វិធានការណ៍ហើយ , ទី២-ការខិតខំមួល បង្កាច់ចោទ ប្រកាន់រាជរដ្ឋាភិបាលថា ធ្វើទុក្ខបុកម្នេញ ដើម្បីយកលេសទៅរស់នៅ ប្រទេសទី៣ ដោយឆ្លងកាត់ប្រទេស ជិតខាងណាមួយរបស់កម្ពុជា ដូចជាប្រទេសថៃ គឺមិនអាចទៅរួចទៀតទេ ព្រោះប្រទេសទី៣ មិនចេះតែទទួលយកទេ ដោយសារគេដឹង និងស្គាល់ប្រទេសកម្ពុជាយើងថា មានសុខសន្តិភាព មានការអភិវឌ្ឍ ប្រពលរដ្ឋរស់នៅមានសិទ្ធិសេរីភាព គ្រប់បែបយ៉ាងធ្វើអ្វីក៏បាន ទៅណាក៏បានដែរ ។ ហេតុអ្វីមនុស្ស២-៣នាក់នេះ រស់នៅមិនបាន ដល់គេស៊ើបទៅដឹងការពិត ក៏មិនទទួលយកទៅរស់នៅប្រទេសទី៣”។
លោកថា ដល់មានការស៊ើប អង្កេតច្បាស់លាស់ហើយ អាជ្ញាធរថៃមិនទទួលយកក៏ក្លាយជាអ្នករស់ នៅដោយខុសច្បាប់នៅលើទឹកដីថៃ ដូច្នេះអាជ្ញាធរក៏ចាត់វិធានការណ៍តាមផ្លូវច្បាប់ ។
បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ ក្នុងដំណើរទស្សនកិច្ចនៅថៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងដ៏យូរអង្វែង និងចំណងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរ ស្របតាមស្មារតីនៃ «ការពង្រឹងភាពជាដៃគូដើម្បីសន្តិភាពនិងវិបុលភាព» ដែលផ្តល់ផលប្រយោជន៍ ទៅវិញទៅមកសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ព្រមទាំងសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងសហគមន៍អាស៊ាន និងអន្តរជាតិ ៕