ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ពេញចិត្តចំពោះកិច្ចសហការ ប្រយុទ្ធប្រឆាំង ឧក្រិដ្ឋកម្មឆ្លងដែន និងការបោកប្រាស់ តាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ បានបង្ហាញការពេញចិត្ត ចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ ។

ការបង្ហាញនូវការពេញចិត្តចំពោះលទ្ធផលសម្រេចបានខាងលើនេះ ធ្វើឡើងក្នុងជំនួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោក សេដ្ឋា ថាវីស៊ីន នៃដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្តេចធិបតី ក្នុងនាមជានាយករដ្ឋមន្ត្រី នៅថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។

ក្នុងជំនួប លោក សេដ្ឋា ថាវីស៊ីន បានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាឱកាសនេះ ពីទំនាក់ទំនងទ្វេភាគីកម្ពុជា-ថៃ នឹងកាន់តែរីកចម្រើនរឹងមាំ។

ក្នុងនោះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់លើលទ្ធផល នៃកិច្ចសហប្រតិបត្តិការទ្វេភាគីកន្លងមក និងបានផ្លាស់ប្ដូរយោបល់ពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យជាច្រើន រួមមាន៖ វិស័យនយោបាយ សេដ្ឋកិច្ច ការពារជាតិ សន្ដិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ និងវិស័យថាមពល។

ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត សមភាគីទាំងពីរបានឯកភាព លើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ សមភាគីទាំងពីរ ក៏បានពិភាក្សា អំពីកិច្ចការក្នុងតំបន់ និងសកល ដោយបានបង្ហាញការពេញចិត្តចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការបោកប្រាស់តាមប្រព័ន្ធអនឡាញ និងការកសាងព្រំដែនប្រទេសទាំងពីរ ទៅជាព្រំដែនសន្ដិភាព និងវិបុលភាព៕

To Top