ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា-ថៃ ឯកភាពគ្នា បង្កើតកុងស៊ុលកម្ពុជា​ នៅខេត្តសុងក្លា និងកុងស៊ុលថៃ នៅខេត្តសៀមរាប

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ បានឯកភាគគ្នា បើកស្ថានអគ្គកុងស៊ុល កម្ពុជានៅខេត្តសុងក្លា និងស្ថានអគ្គកុងស៊ុលថៃនៅខេត្តសៀមរាប ។

ការឯកភាព រវាងនាយករដ្ឋមន្ត្រីទាំងពីរ ធ្វើឡើងក្នុងឱកាសដំណើរ ទស្សនកិច្ចផ្លូវការលើកទី១ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៅព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។នេះបើយោងតាម សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ។

នៅក្នុងដំណើរទស្សនកិច្ចនេះ ក្រៅពីឯកភាព បង្កើតស្ថានអគ្គកុងស៊ុលទាំងពីររៀងខ្លួន ក៏មានការឯកភាពផ្ដល់ការ សម្របសម្រួល ដល់ដំណើរចេញ ចូលរបស់ពលករខ្មែរ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ តាមសំណើ សម្តេចធិបតីផងដែរ ។

ជាងនេះទៅទៀត មេដឹកនាំទាំងពីរ ក៏បានពិភាក្សា អំពីកិច្ចការតំបន់ និងអន្តរជាតិ ដោយបង្ហាញ ការពេញចិត្ត ចំពោះការគាំទ្រ គ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ និង ការជំរុញកិច្ចសហប្រតិបត្តិកា រប្រយុទ្ធប្រឆាំងនឹង ឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធអនឡាញ ការចរាចរណ៍​ គ្រឿងញៀនខុសច្បាប់ និងអំពើជួញដូរមនុស្សផងដែរ៕

To Top