ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានប្រកាសជាឱឡារិកថា នឹងមិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាមួយប្រើប្រាស់ ទឹកដីរបស់ខ្លួន ដើម្បីប្រឆាំងរាជរដ្ឋាភិបាល ប្រទេសទាំងពីរឡើយ។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី នៅថៃ នាថ្ងៃទី៧ កុម្ភៈ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានលើកឡើងថា ក្នុងជំនួបរវាងសម្ដេច និង នាយករដ្ឋមន្ដ្រីថៃ មិនបានជជែកគ្នាជុំវិញ អ្នកនយោបាយប្រឆាំងរបស់កម្ពុជា នៅថៃនោះទេ ប៉ុន្តែថ្នាក់ដឹកនាំកំពូលទាំង២ប្តេជ្ញារួមគ្នា គឺមិនឲ្យក្រុមណាមួយប្រើប្រាស់ ទឹកដីទាំង២ប្រទេសនេះ ធ្វើជាឈ្នាន់ប្រឆាំងរាជរដ្ឋាភិបាល។
លោករដ្ឋមន្ដ្រីបានគូសបញ្ជាក់ថា «តាមរយៈសន្និសីទសារព័ត៌មានរួមគ្នា រវាងសម្ដេចធិបតី និងនាយករដ្ឋមន្ដ្រីថៃ នោះគឺការលើកឡើងទាំងខាងថៃ ដូចជា កម្ពុជា យ៉ាងឱឡារិកក្រៃលែងថា ថៃមិនអនុញ្ញាតឲ្យបុគ្គលម្នាក់ ឬបុគ្គលមួយក្រុម ប្រើប្រាស់ទឹកដីដើម្បីបង្កសកម្មភាពប្រឆាំងកម្ពុជាទេ ដូចគ្នាកម្ពុជាក៏បានប្រកាសជាឱឡារិក និងជាផ្លូវការ នៅចំពោះមុខអ្នកសារព័ត៌មានថៃថា កម្ពុជាក៏មិនអនុញ្ញាតឲ្យមានបុគ្គលណាម្នាក់ ឬក្រុមបុគ្គលណាប្រើប្រាស់ទឹកដីកម្ពុជា ដើម្បីបង្កសកម្មភាពប្រឆាំងថៃដែរ»។
សូមរំលឹកថា នាពេលថ្មីៗនេះ គណបក្សមួយដែលជាគណបក្សប្រឆាំងរបស់ថៃ បានបង្ហាញសកម្មភាពគាំទ្រផ្ដល់ទីកន្លែង និងជួយបណ្ដុះបណ្ដាលក្រុមជ្រុលនិយមបរទេស ដើម្បីឲ្យប្រឆាំងរាជរដ្ឋាភិបាលកម្ពុជា ដែលសកម្មភាពនេះបានផ្ទុះការរិះគន់ និងថ្កោលទោសខ្លាំងៗពីសំណាក់ប្រជាជនថៃផងដែរ ៕