ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា ឲ្យបង្កើនការរឹតបណ្ដឹងច្បាប់ចរាចរណ៍បន្ថែម ខណៈយុទ្ធនាការ១០រាត្រី ហុចផលគួរឲ្យកត់សម្គាល់

ភ្នំពេញ ៖ ក្នុងចំណោមប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅកម្ពុជា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០២៣ លើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះលទ្ធផលនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ ជាពិសេសក្នុងពេលរាត្រី ដោយទទួផលល្អ ទើបលោកលើកទឹកចិត្តឲ្យបង្កើនការរឹតបន្តឹងថែមទៀត។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ស សុខា ក្នុងរយៈពេល ១០រាត្រី នៃការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយក្នុងនោះក៏មានការផ្ដោតលើការអនុវត្តច្បាប់ដោយគ្មានការលើកលែងចំពោះអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាពជាដើមនោះ ប្រសិនបើធៀបនឹងរយៈ១០ថ្ងៃមុនមានការអនុវត្ត លទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា អត្រាចំនួនអ្នកស្លាប់បានថយចុះប្រមាណ៥នាក់ ស្មើនឹង៥០ភាគរយ របួសធ្ងន់បានថយចុះ២៦ភាគរយ របួសស្រាលបានថយចុះ ៦៣ភាគរយ និងការខូចខាតយានយន្តបានថយចុះ៣៦ភាគរយ។

ក្នុងឋានៈជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកឧបនាយករដ្ឋមន្ត្រី បានចាត់ទុកលទ្ធផលជាវិជ្ជាមាននេះ ថាមូលដ្ឋាននៃការជំរុញនិងលើកទឹកចិត្តខ្ពស់សម្រាប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ចំពោះកិច្ចខិតខំប្រឹងប្រែងរឹតបន្តឹងច្បាប់ចរាចរណ៍បន្ថែមទៀត សំដៅបន្តសង្គ្រោះអាយុជីវិតប្រជាជន និងការខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈកាន់តែច្រើន ដើម្បីឈានទៅបញ្ចប់ឲ្យបាននូវភាពស្រពិចស្រពិលក្នុងការសម្រេចគោលដៅទសវត្សរ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ២០២១-២០៣០។

ក្នុងន័យនេះដែរ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក៏បានណែនាំអគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានី ខេត្ត ជាពិសេសកម្លាំងនគរបាលចរាចរណ៍គ្រប់គោលដៅ មានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌ និងវិន័យកងកម្លាំង ក្នុងនោះសម្រាប់មូលដ្ឋានមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងច្រើនកាលពីឆ្នាំ២០២៣ ដូចជារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ កំពង់ចាម កំពង់ឆ្នាំង តាកែវ ព្រះសីហនុ កោះកុង ឧត្តរមានជ័យ ព្រះវិហារ ត្បូងឃ្មុំ និងខេត្តប៉ៃលិន ត្រូវខិតខំប្រឹងប្រែងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញ​អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានី ខេត្ត បន្តយកចិត្តទុកលើការបើកបរលើសល្បឿនកំណត់ ការបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀនឬគ្រឿងស្រវឹង ការបិទស្កត់ពណ៌លើកញ្ចក់រថយន្តធំ ការរត់គេចខ្លួនក្រោយពេលបង្កគ្រោះថ្នាក់ និងបណ្តាករណីល្មើសបង្កគ្រោះថ្នាក់ផ្សេងៗទៀត ដើម្បីចាត់វិធានការតាមច្បាប់បានម៉ឺងម៉ាត់ដោយគ្មានការលើកលែង ជាពិសេស ត្រូវឃាត់ខ្លួនជនបង្កភ្លាមៗនៅនឹងកន្លែង។ ចំពោះការតុបតែងបន្ថែមខុសបច្ចេកទេស ដែលងាយបង្កគ្រោះថ្នាក់ ត្រូវសម្អាត់ឲ្យអស់ត្រឹមខែមិថុនាឆ្នាំ២០២៤នេះ។

សូមរំលឹកថា ក្នុងមួយឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសសរុប ៣,៣១៧លើក (យប់៥៥%) បណ្តាលឲ្យមានអ្នកស្លាប់១,៥៩០នាក់ និងរបួស៤,៥១៥នាក់ (ធ្ងន់២,៧៦៦នាក់)។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថាមូលហេតុចម្បងនៃគ្រោះថ្នាក់ទាំងនោះ មានដូចជា បើកបរល្មើសល្បឿន មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំប្រជែងគ្រោះថ្នាក់ កត្តាយាន និងស្រវឹងជាដើម។ ក្នុងចំណោមអ្នកស្លាប់សរុប មានអ្នកជិះម៉ូតូ ៨០% ក្នុងនោះជិះម៉ូតូមានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន៦៩%៕

To Top